ការចំណាយលើវិស័យទេសចរណ៍ក្នុងប្រទេសថៃ អំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ត្រូវបានព្យាករថាអាចនឹងមានការកើនឡើងដល់ ៣៤,៤ពាន់លានបាត (៩៦៧លានដុល្លារ) ដែលក្នុងនោះទឹកប្រាក់ចំនួន ២៨,៤ពាន់លានបាត រំពឹងទុកថានឹងទទួលបានពីភ្ញៀវទេសចរបរទេស ជាពិសេសមកពីប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានព្យាករថាប្រាក់ចំណូល អាចនឹងមានការកើនឡើង ២៩% ក្នុងអំឡុងថ្ងៃឈប់សម្រាក ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ជាពិសេសនឹងត្រូវបានជំរុញដោយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរពីប្រទេសចិន និងតៃវ៉ាន់។
ការមកដល់របស់ភ្ញៀវទេសចរចិន ត្រូវបានគេប៉ាន់ប្រមាណថានឹងមានចំនួន ១៧៧ ០០០ នាក់ ដោយនឹងកើនឡើងដល់ទៅ ៣៥៨% ឯណោះ គិតចាប់ពីឆ្នាំ២០២៣ មក ខណ:អភិបាល TAT លោកស្រី Thapanee Kiatphaibool បាននិយាយថា ការចំណាយរបស់អ្នកដំណើរចិននៅឆ្នាំនេះ ត្រូវបានគេព្យាករថានឹងកើនឡើង ៣៦៦% ដល់ចំនួនទឹកប្រាក់ ៦,២ពាន់លានបាត។
លោកស្រី Thapanee បាននិយាយទៀតថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិននោះ ភ្ញៀវទេសចរបរទេសសរុប អាចនឹងមានចំនួន ៩៩៥ ០០០ នាក់ កើនឡើង ៣៤% ដោយរំពឹងអាចផ្តល់ប្រាក់ចំណូលដល់រដ្ឋាភិបាលបានប្រមាណ ២៨,៤ពាន់លានបាត ពោលគឺកើនឡើង ៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕