អភិបាលរដ្ឋ Florida លោក Ron DeSantis ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានសម្រេចចិត្តដកខ្លួនចេញពីការប្រជែងតំណែងជាអ្នកតំណាងបក្ស ហើយបានងាកមកគាំទ្រលោក ដូណាល់ ត្រាំ វិញ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិតី នៅឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
ការប្រកាសរបស់លោក DeSantis ជុំវិញការដកខ្លួនចេញពីការប្រកួតប្រជែងនេះ បានកើតឡើងនៅមុនការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ដែលនឹងត្រូវធ្វើឡើងនៅក្នុងរដ្ឋ New Hampshire ។
គួរឲ្យដឹងថា លោក DeSantis ធ្លាប់ត្រូវបានគេចាត់ទុកថាជាគូប្រជែងដ៏ធំបំផុតមួយ សម្រាប់តំណែងជាអ្នកតំណាងរបស់គណបក្ស នៅក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទី២១ ខែមករាកន្លងទៅ លោកបាននិយាយថាលោកហាក់មិនមានសង្ឃឹម ក្នុងការទទួលជ័យជម្នះនេះបានឡើយ។
យ៉ាងណាមិញជុំវិញការប្រកាសដកខ្លួននេះ មានន័យថាបច្ចុប្បន្ន នៅសល់តែលោកស្រី Nikki Haley តែម្នាក់គត់ ដែលជាគូប្រជែងធំបំផុតរបស់លោក ត្រាំ ដើម្បីបន្តប្រយុទ្ធជាមួយប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅក្នុងខែវិច្ឆិកាខាងមុខ។
ជម្រាបជូនផងដែរថា លោកស្រី Haley នឹងត្រូវតទល់ជាមួយលោក ត្រាំ សម្រាប់ការបោះឆ្នោតបឋម ក្នុងរដ្ឋ New Hampshire ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ និងជាការប្រកួតប្រជែងលើកទី២ ផងដែរ សម្រាប់ការបោះឆ្នោតបឋមតាមរដ្ឋជាបន្តបន្ទាប់ ដើម្បីជ្រើសរើសបេក្ខជនមកពីគណបក្សសាធារណរដ្ឋ សម្រាប់ធ្វើជាបេក្ខភាពតំណាងបក្សក្នុងការបោះឆ្នោតជាសកល នៅចុងឆ្នាំនេះ៕