ការនាំចូលធ្យូងថ្មរបស់ចិន ពីអូស្ត្រាលី កើនឡើងខ្ពស់ជាលើកដំបូង ក្រោយរនាំងពាណិជ្ជកម្មត្រូវបានដកចេញ

អន្តរជាតិ

ការនាំចូលធ្យូងថ្មរបស់ចិន ពីប្រទេសអូស្ត្រាលី បានកើនឡើងដល់កម្រិតខ្ពស់មួយ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ បន្ទាប់ពីការដាក់បម្រាមនាំចេញអស់រយ:ពេលពីរឆ្នាំកន្លងមកនេះ ត្រូវបានដកចេញវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យគយចិន បានបង្ហាញឲ្យដឹងថាប្រទេសរបស់ខ្លួនបាននាំចូលធ្យូងថ្មអូស្ត្រាលី ក្នុងចំនួនសរុប ៥២,៤៧ លានតោន នៅក្នុងឆ្នាំ២០២៣ ពោលគឺបានកើនឡើងពីចំនួន ២,៨៦ លានតោន ក្នុងឆ្នាំ២០២២ ។

ប៉ុន្តែយ៉ាងណាក៏ដោយចំនួននៃការនាំចូលធ្យូងថ្មរបស់ចិន ពីអូស្រ្តាលី ក្នុងឆ្នាំ២០២៣ នៅតែតិចជាងចំនួនដែលពួកគេបាននាំចូលកាលពីឆ្នាំ២០២០ ដែលមានចំនួនសរុបរហូតដល់ទៅ ៧៧,៥១ លានតោន ពោលគឺនៅមុនពេលដែលមានការហាមឃាត់ ដោយសារតែភាព​ល្អក់កករ​នៅក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

គួរឲ្យដឹងថា រដ្ឋាភិបាលចិនបានសម្រេចលុបចោលការរឹតបន្តឹងទៅលើការនាំចូលទំនិញពីប្រទេសអូស្រ្តាលី នៅក្នុងខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានការសម្របសម្រួល ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី គឺលោក Anthony Albanese ស្របពេលរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានយល់ព្រមដកពន្ធលើការនាំចូលស្រូវសាលីរបស់អូស្ត្រាលី កាលពីឆ្នាំមុន ផងដែរ។

ជម្រាបជូនផងដែរថា ជាមួយការដកចេញរនាំងពាណិជ្ជកម្មរវាងអូស្ត្រាលីនេះ បានធ្វើឲ្យការនាំចូលធ្យូងថ្មសរុបរបស់ប្រទេសចិន កើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងចំនួន ៤៧៤,៤ លានតោនក្នុងឆ្នាំ២០២៣ ពោលគឺបានកើនឡើង ៦១,៨% បើធៀបនឹងឆ្នាំ២០២២៕