ចរចា ២ឆ្នាំ Sony សម្រេចលុបចោលគម្រោងតម្លៃ ១០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សជប៉ុន Sony Group បានសម្រេចលុបចោលគម្រោងរួមបញ្ចូលជាមួយក្រុមហ៊ុន​ឥណ្ឌា Zee Entertainment ដែលមានតម្លៃរហូតដល់ ១០ពាន់លានដុល្លារ បន្ទាប់ពីចរចារគ្នារយៈពេល២ឆ្នាំ ខណៈគម្រោងមួយនេះ​ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រព័ន្ធផ្សព្វផ្សាយធំបំផុតមួយនៅតំបន់អាស៊ីខាងត្បូង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពបរាជ័យនៃកិច្ចព្រមព្រៀងមួយនវ កាន់តែធ្វើឲ្យស្ថានីយទូរទស្សន៍ Zee ធ្លាក់ចូលក្នុង​សភាព​មិនច្បាស់លាស់ ស្របពេលក្រុមហ៊ុនគូប្រជែងធំៗដូចជា Disney ក៏កំពុងស្វែងរកការសហការ​ជាមួយក្រុមហ៊ុនមហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani សម្រាប់ការរួមបញ្ចូលលើប្រព័ន្ធ​ផ្សព្វផ្សាយជាដើម។

ជាមួយគ្នា ក្រុមហ៊ុនឥណ្ឌា Zee បានប្រាប់ទៅកាន់ផ្សារហ៊ុនឥណ្ឌាថា ក្រុមហ៊ុន Sony បានទាមទារសំណង ៩០លានដុល្លារ ចំពោះការលុបចោលកិច្ចព្រមព្រៀងមួយនេះ ដោយចោទពួកគេថា បានរំលោភលើកិច្ចព្រមព្រៀង ប៉ុន្តែក្រុមហ៊ុនឥណ្ឌាមិនព្រមបង់ប្រាក់ ថែមទាំងប្រាប់ទៅកាន់ក្រុមហ៊ុនជប៉ុន Sony ថា ត្រៀមខ្លួនឡើងតុលាការថែមទៀត។

ដោយឡែក ក្រុមហ៊ុន Sony វិញក៏បានចេញសេចក្ដីថ្លែងការណ៍មួយថា មូលហេតុដែលធ្វើឲ្យ​កិច្ចព្រមព្រៀងតម្លៃ ១០ពាន់លានដុល្លារ មិនអាចសម្រេចទៅបាន ដោយសារតែភាគីក្រុមហ៊ុន Zee មិនអាចសម្រេចបានលក្ខខ័ណ្ឌដែលខ្លួនចង់បាន ហើយភាគីទាំងសងខាងក៏មិនព្រមពន្យារ​ពេលចរចាកិច្ចកុងត្រា ដែលបានបញ្ចប់កាលពីថ្ងៃទី២១ ខែមករាដូចគ្នា។

រំលឹកបន្តិចថា កិច្ចព្រមព្រៀងតម្លៃប្រមាណ ១០ពាន់លានដុល្លារ រវាងក្រុមហ៊ុន Sony និងក្រុមហ៊ុន Zee ត្រូវបានប្រកាសដំបូងកាលពីខែកញ្ញ ឆ្នាំ២០២១ ប៉ុន្តែក្រោយចរចាគ្នារយៈពេល ២ឆ្នាំ ផែនការមួយនេះត្រូវបានរំសាយចោលវិញ ក្រោយភាគីទាំងសងខាងមិនអាចបំពេញតម្រូវការឲ្យគ្នា តាមអ្វីដែលពួកគេចង់បានរៀងៗខ្លួន៕