ទោះបីរងទណ្ឌកម្មសេដ្ឋកិច្ច តែទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌា សម្រេចបានជិត ៦០ពាន់លានដុល្លារ

អន្តរជាតិ

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌាបានបង្ហាញថា នៅក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌាបានកើនឡើង ១,៩ដងពីមួយឆ្នាំទៅមួយឆ្នាំ ដោយឈានដល់កម្រិតខ្ពស់បំផុតចំនួន ៥៩,៧ពាន់លានដុល្លារ។ នេះ​បើ​តាមការចុះផ្សាយពីសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសរុស្ស៊ីបានកើនឡើងច្រើនជាង ១,៤ដងដល់ចំនួន ៣,៧ពាន់លានដុល្លារ ដែលការនាំចេញនោះភាគច្រើនជាផលិតផលថ្នាំពេទ្យ​ និងផលិតផលដែកជាដើម។

ជាមួយគ្នានោះ ការនាំចេញរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាវិញ បានកើនឡើង ១,៩ដងដល់ចំនួន ៥៦ពាន់លានដុល្លារ ដែលភាគច្រើនជាផលិតផលប្រេង និងឥន្ធនៈជាដើម។

គួរជម្រាបថា ថ្វីត្បិតតែទំហំពាណិជ្ជកម្មរវាងឥណ្ឌា និងរុស្ស៊ីកើនឡើង ១,៩ដងក៏ពិតមែន តែដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ឥណ្ឌានោះ គឺនៅតែជាសហរដ្ឋអាមេរិក ក៏ប៉ុន្តែនៅរយៈពេល ១១ខែដូចគ្នានេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានធ្លាក់ចុះ៨% មកនៅត្រឹម ១០៩,៨ពាន់លានដុល្លារ៕