តម្លៃនៃការនាំចូលទំនិញរបស់ម៉ាឡេស៊ី នឹងកើនឡើងខ្លាំង ដោយសារវិបត្តិនៅដែនសមុទ្រក្រហម​

អន្តរជាតិ

ការនាំចូលទំនិញមកកាន់ប្រទេសម៉ាឡេស៊ី កំពុងត្រូវបានពន្យារពេលរហូតដល់ទៅ ២សប្តាហ៍រួចមកហើយ ដោយសារតែក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សធំៗ បានផ្លាស់ប្តូរផ្លូវដឹកជញ្ជូនរបស់ខ្លួន ចំពេលកំពុងមានការវាយប្រហារដែលអាចកើតមាននៅក្នុងតំបន់ដែនសមុទ្រក្រហម ដែលនេះនឹងមានន័យថាប្រទេសនៅក្នុងតំបន់អាស៊ានមួយនេះ ទំនងជាត្រូវចំណាយកាន់តែច្រើនសម្រាប់ការនាំចូលទំនិញសំខាន់ៗ ជាពិសេសពីតំបន់អឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអ្នកសេដ្ឋកិច្ចបាននិយាយថា​ ថ្លៃដឹកជញ្ជូនខ្ពស់ ក៏ដូចជាការពន្យារពេលនៃការដឹកជញ្ជូន នឹងការរំខានដែលបណ្តាលមកពីវិបត្តិនៅដែនសមុទ្រក្រសហម គឺជារឿងដែលចៀសមិនរួច ស្របពេលអ្នកសេដ្ឋកិច្ច ក៏បានធ្វើការព្រមានទៀតថាអ្វីៗនឹងអាចកាន់តែអាក្រក់ទៅ ប្រសិនបើស្ថានភាពនៅតែបន្តបែបនេះ។

លោក Suhaimi Ilias ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន MIBG បាននិយាយថា សម្រាប់ប្រទេសម៉ាឡេស៊ី ស្ថានភាពបែបនេះអាចនឹងបង្កើនការចំណាយ ក៏ដូចជាអាចបណ្តាលឲ្យមានការពន្យារពេលចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ ឬការរំខានក្នុងការនាំចូលទំនិញសំខាន់ៗពីអឺរ៉ុប សម្រាប់ឧស្សាហកម្មធំៗដូចជា សារធាតុគីមី គ្រឿងម៉ាស៊ីន និងរថយន្ត ជាដើម។

គួរឲ្យដឹងថាពាណិជ្ជកម្មទ្វេភាគីរវាងម៉ាឡេស៊ី និងសហភាពអឺរ៉ុបមានតម្លៃសរុបប្រមាណ ៤៥,៨ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៧,៦% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយ សម្រាប់ឆ្នាំ២០២២។ ក្នុង​ចំណោម​តួលេខ​នេះ ការ​នាំ​ចូល​របស់​ម៉ាឡេស៊ី​ មាន​តម្លៃ​ជាង ១៩,០៩ពាន់​លាន​ដុល្លារ​ ដែល​ភាគ​ច្រើន​គ្រប​ដណ្តប់​លើ​វិស័យ​អគ្គិសនី អេឡិចត្រូនិក គ្រឿង​គីមី និង​ផលិតផល​គីមី និង​គ្រឿង​ម៉ាស៊ីន។

ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ស្ថានភាពបច្ចុប្បន្ននៅតែអាចគ្រប់គ្រងបាន ហើយមិនទាន់មានការត្អូញត្អែរពីសំណាក់ក្រុមហ៊ុននាំចូល ឬក្រុមហ៊ុននាំចេញជុំវិញការកើនឡើងនៃថ្លៃដឹកជញ្ជូន និងប្រតិបត្តិការណាមួយនោះឡើយ៕