ប្រទេសចិន ត្រូវបានគេប៉ាន់ប្រមាណថា បានវ៉ាដាច់ប្រទេសជប៉ុន ក្នុងនាមជាអ្នកនាំចេញរថយន្តច្រើនជាងគេបំផុតនៅលើពិភពលោក សម្រាប់ឆ្នាំ២០២៣ ដោយសារតែភាពខ្លាំងនៃក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក ដូចជា Chery, SAIC, Geely និង BYD ជាដើម ប៉ុន្តែជាមួយគ្នានោះក៏មានការរួមចំណែកពីក្រុមហ៊ុនផលិតរថយន្តបរទេសដែលកំពុងធ្វើប្រតិបត្តិការផលិតរថយន្តក្នុងប្រទេសចិន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
បើយោងតាមទិន្នន័យទទួលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តចិន (CAAM) បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនបរទេសចំនួន ១៨ ដែលកំពុងធ្វើប្រតិបត្តិការផលិតនៅក្នុងប្រទេសចិន បាននាំចេញរថយន្តសរុបក្នុងចំនួន ៩១០ ០០០ គ្រឿងកាលពីឆ្នាំមុន ដែលស្មើនឹង ២២% នៃការនាំចេញរថយន្តសរុបពីប្រទេសចិន ដែលមានចំនួន ៤,១ លានគ្រឿង។
គួរឲ្យដឹងថា គិតតែក្រុមហ៊ុន Tesla មួយ បាននាំចេញរថយន្តអគ្គិសនីរបស់ខ្លួន ក្នុងចំនួន ៣៤៤ ០០០ គ្រៀង ពីរោងចក្រក្នុងទីក្រុងសៀងហៃ ទៅកាន់តំបន់អាស៊ី អឺរ៉ុប អូស្ត្រាលី និងនូវែលសេឡង់។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Ford Motor និង General Motors ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុននាំចេញរថយន្តដ៏ធំបំផុតពីប្រទេសចិនផងដែរ ជាមួយនឹងការនាំចេញរួមគ្នារបស់ពួកគេ កើនឡើង ២១% គិតចាប់តាំងពីឆ្នាំ២០២២ មក។
ជម្រាបជូនផងដែរថា ក្រុមហ៊ុន Kia Corp របស់កូរ៉េខាងត្បូង បានបង្កើនការនាំចេញរថយន្តរបស់ខ្លួន ដែលបានផលិតក្នុងប្រទេសចិន ទ្វេដងផងដែរ ស្របពេលក្រុមហ៊ុនម៉ាកយីហោរបស់ប្រទេសជប៉ុន និងអាល្លឺម៉ង់ ក៏បានជំរុញការនាំចេញពីប្រទេសចិន ដូចគ្នា៕