អត្រាការងារនៅប្រទេសចិន កើនឡើងជាង ១២លានកន្លែងក្នុងឆ្នាំ២០២៣

អន្តរជាតិ

ប្រទេសចិនបានបន្ថែមការងារថ្មីៗប្រហែល ១២,៤៤លានកន្លែងកាលពីឆ្នាំ២០២៣ ដែលសមប្រកបជាមួយគោលដៅដែលបានរំពឹងទុក ខណៈសម្រាប់ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចវិទូជាច្រើនបានប្រាប់ឲ្យរដ្ឋាភិបាលចិន ត្រៀមខ្លួនកាន់តែខ្លាំងជាងមុនទៀត ក្នុងការបង្កើនការងារឲ្យកាន់តែច្រើនជាងមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា រដ្ឋាភិបាលចិនបានកំណត់គោលដៅ​បង្កើនការងារកាលពីឆ្នាំ២០២៣ ប្រមាណ ១២លានកន្លែង ហើយសម្រាប់គោលដៅនៅក្នុងឆ្នាំនេះវិញ ត្រូវបានរំពឹងថានឹងបង្ហាញជាផ្លូវការ សម្រាប់កិច្ចប្រជុំសភាប្រចាំឆ្នាំ ដែលនឹងធ្វើឡើងនៅខែមីនាខាងមុខ។

ការកំណត់គោលដៅបង្កើនអត្រាការងារសម្រាប់ប្រជាជននៅប្រទេសចិន អាចប្រឈមនឹងបញ្ហាមួយចំនួន តួយ៉ាងកំណើនសេដ្ឋកិច្ចរបស់មហាអំណាចអាស៊ីនៅឆ្នាំ២០២៤ មិនទាន់មានភាពប្រាកដប្រជា ដោយមានក្ដីរំពឹងថា កំណើនសេដ្ឋកិច្ចអាចនឹងមានយឺតជាងឆ្នាំមុន។

ជាមួយគ្នា អនុប្រធាននាយកដ្ឋានលើកកំពស់ការងារនៃក្រសួងធនធានមនុស្ស លោក Yun Donglai បានមានប្រសាសន៍ថា៖ ប្រតិបត្តិការសេដ្ឋកិច្ចិនកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ក្នុងឆ្នាំ២០២៤ ខណៈសម្ពាធលើបញ្ហាអត្រាការងារប្រជាជននៅក្នុងឆ្នាំនេះ ក៏នឹងមិនថមថយដូចគ្នា ដូច្នេះហើយរដ្ឋាភិបាលត្រូវតែត្រៀមខ្លួនឲ្យរួចស្រេច ដើម្បីធ្វើឲ្យកំណើនការងារមានស្ថិរភាព។

សូមជម្រាបដែរថា បញ្ហាប្រជាជនគ្មានការងារធ្វើ ក៏ជាដើមចមបង្កឲ្យកំណើនសេដ្ឋកិច្ចចិន​ងើបឡើងយឺតផងដែរ ហើយបើទោះជាឆ្នាំ២០២៣ មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក អាចសម្រេចបាននូវគោលដៅដែលបានគ្រោងទុកមែន ប៉ុន្តែនៅឆ្នាំ២០២៤នេះ ពួកគេអាចនឹង​ជួបប្រទះភាពលំបាកជាងមុន៕