ប្រទេសឥណ្ឌាបានវ៉ាដាច់ទីក្រុងហុងកុងជាលើកដំបូង ជាទីផ្សារភាគហ៊ុនធំជាងគេលំដាប់ទីបួននៅទូទាំងពិភពលោក ពោលមូលប័ត្រទីផ្សាររបស់ប្រទេសឥណ្ឌាមានចំនួន ៤,៣៣ទ្រីលានដុល្លារ ធៀបនឹងហុងកុងដែលមានចំនួនត្រឹម ៤,២៩ទ្រីលានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaleej Times ។
លោក Siddharth Balachandran ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Buimerc Corporation Ltd និងក៏ជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ BSE Ltd បាននិយាយថា កាលពីឆ្នាំ២០១០ ទីផ្សារហ៊ុនរបស់ប្រទេសឥណ្ឌាមានចំនួនចុះបញ្ជីត្រឹម ១៨លាននាក់ប៉ុណ្ណោះ ខណៈបច្ចុបន្ន ចំនួនអ្នកវិនិយោគដែលបានចុះឈ្មោះនៅលើទីផ្សារឥណ្ឌាបានឈានដល់ចំនួនសរុប ១៦០លាននាក់់។ ម្យ៉ាងវិញទៀត ការវិនិយោគដោយប្រើវេទិការដែលមានការគ្រប់គ្រងដូចជាផ្សារហ៊ុនកំពុងក្លាយជាការទាក់ទាញកាន់តែខ្លាំងឡើង គឺមិនត្រឹមតែវិនិយោគិនឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់វិនិយោគិនបរទេសធំៗផងដែរ។
ដោយឡែក បើនិយាយអំពីតម្លៃទីផ្សារសរុបនៃភាគហ៊ុនចិន និងហុងកុងវិញ បានធ្លាក់ចុះជាង ៦ទ្រីលានដុល្លារចាប់តាំងពីឆ្នាំ២០២១ ខណៈការចុះបញ្ជីថ្មីនៅទីក្រុងហុងកុងហាក់មិនមានសញ្ញាណអ្វីកើនឡើង ជាហេតុធ្វើឲ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាស៊ីមួយនេះ បានបាត់បង់ឋានៈជាកន្លែងសេដ្ឋកិច្ចមមាញឹកបំផុតមួយរបស់ពិភពលោក។
គួរជម្រាបថា នាពេលបច្ចុបន្ននេះសហរដ្ឋអាមេរិក គឺជាទីផ្សារភាគហ៊ុនដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីផ្សារមូលបត្រចំនួន ៥០,៨៦ទ្រីលានដុល្លារ នាំមុខប្រទេសចិនដែលមានចំនួន ៨,៤៤ទ្រីលានដុល្លារ ខណៈប្រទេសជប៉ុនមានចំនួន ៦,៣៦ទ្រីលានដុល្លារ៕