គម្លាតតម្លៃផ្សារហ៊ុនចិន និងអាមេរិក ឈានដល់ចំណុចបំបែកកំណត់ត្រា ៣៨ទ្រីលានដុល្លារ

អន្តរជាតិ

តម្លៃផ្សារហ៊ុនចិន និងអាមេរិក មានគម្លាតឆ្ងាយគ្នាខ្លាំងមិនធ្លាប់មាន ពោលមានរហូតដល់ ៣៨ទ្រីលានដុល្លារឯណោះ បន្ទាប់ពីវិនិយោគិនជាច្រើន បានសម្រុកដកខ្លួនចេញពីផ្សារហ៊ុនចិន ដោយសារភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ច ក៏ដូចជាវិបត្តិអចលនទ្រព្យរ៉ាំរ៉ៃនៅទីនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារគេហទំព័រ Bloomberg បានបង្ហាញថា តម្លៃផ្សារហ៊ុនអាមេរិក​នាពេលបច្ចុប្បន្ន មានច្រើនជាងការបូកបញ្ចូលគ្នារវាងតម្លៃផ្សារហ៊ុនចិន និងទីក្រុងហុងកុង រហូតដល់ ៣៨ទ្រីលានដុល្លារ ដែលជាចំណុចខ្ពស់បំផុត។

រំលឹកបន្តិចថា ផ្សារហ៊ុនចិនបានខាតបង់ទឹកប្រាក់ប្រហែល ៦,៣ទ្រីលានដុល្លារ គិតតាំងពីខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែជាមួយគ្នាផ្សារហ៊ុនអាមេរិក មានកំណើនរហូតដល់ ៥,៣ទ្រីលានដុល្លារ ក្នុងរយៈពេលដូចគ្នា។

ក្រុមវិនិយោគិនបរទេស បានសម្រុកដកខ្លួនចេញពីប្រទេសចិន ក្រោមហេតុផលមិនទុកចិត្ត​ជាមួយនឹងផែនការស្ដារសេដ្ឋកិច្ចរបស់រដ្ឋាភិបាល វិបត្តិអចលនទ្រព្យនៅចិន ហើយជាពិសេសនោះគឺ សង្គ្រាមពាណិជ្ជកម្មរយៈពេលវែងរវាងចិន និងអាមេរិក។

សូមជម្រាបដែរថា បច្ចុប្បន្នផ្សារហ៊ុនអាមេរិកមានតម្លៃសរុប ៥០,៨៦ទ្រីលានដុល្លារ ខណៈផ្សារហ៊ុនចិនមានតម្លៃ ៨,៤៤ទ្រីលានដុល្លារ និងផ្សារហ៊ុនហុងកុងមាន ៤,២៩ទ្រីលានដុល្លារ៕