ស៊ុយអែត ដកបន្លាធំចេញពីទ្រូង ក្រោយតួកគីអនុម័តលិខិតស្នើចូលជាសមាជិកណាតូ

អន្តរជាតិ

សភារបស់ប្រទេសតួកគី នឹងអនុម័តទៅលើពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូ (NATO) របស់ប្រទេសស៊ុយអែតនៅថ្ងៃអង្គារ ទី២៣ ខែមករាកន្លងទៅ ដោយនឹងជាការដកចេញនូវឧបសគ្គដ៏ធំបំផុតមួយ ដែលនៅសេសសល់ក្នុងការពង្រីកសម្ព័ន្ធភាពយោធារបស់លោកខាងលិច បន្ទាប់ពីមានការពន្យាពេលអស់ ២០ខែកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសន្និបាតមួយធ្វើឡើងដោយប្រទេសតួកគី ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយគណបក្សកាន់អំណាច របស់ប្រធានាធិបតី លោក Tayyip Erdogan បានធ្វើការអនុម័តទៅលើពាក្យស្នើសុំចូលជាសមាជិករបស់អង្គការណាតូដែលប្រទេសស៊ុយអែត បានធ្វើឡើងជាលើកដំបូង ក្នុងឆ្នាំ២០២២ ដើម្បីពង្រឹងសន្តិសុខរបស់ខ្លួន ក៏ដូចជាឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ផងដែរ។

ទន្ទឹមនឹងនេះ លោក Fuat Oktay ប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភាតួកគី និងជាសមាជិកមួយរបស់បក្ស AK ដែលកំពុងកាន់អំណាច បាននិយាយថា ៖”យើងគាំទ្រចំពោះការពង្រីកសមាជិករបស់អង្គការណាតូដើម្បីកែលម្អកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធភាព ដោយសង្ឃឹមថាការចូលរួមប្រយុទ្ធប្រឆាំងទៅនឹងអំពើភេរវកម្មរបស់ស៊ុយអែត គឺជាគំរូដ៏ល្អមួយ សម្រាប់សម្ព័ន្ធមិត្តផ្សេងទៀតរបស់យើង” ។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសតួកគី លោក Jeff Flake បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃអង្គារថា ៖”ខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សភាតួកគី ក្នុងការអនុម័តចំពោះពាក្យស្នើសុំចូលរួមជាសមាជិករបស់ប្រទេសស៊ុយអែត ក្នុងអង្គការណាតូនៅថ្ងៃនេះ” ។

ជម្រាបជូនផងដែរថា ប្រធានាធិតបីតួកគី លោក Erdogan ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើច្បាប់នៃការស្នើសុំចូលរួមជាសមាជិកនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយនេះមានន័យថាប្រទេសហុងគ្រី ជារដ្ឋសមាជិកតែមួយគត់ ដែលមិនទាន់មានការយល់ព្រមចំពោះការស្នើសុំចូលជាសមាជិករបស់ស៊ុយអែត នៅក្នុងអង្គការណាតូ ៕