បីប្រទេសនៅតំបន់អាស៊ាន រំពឹងខ្ពស់លើការនាំចេញបង្កងទៅកាន់ប្រទេសចិន

អន្តរជាតិ

បណ្តាប្រទេសមួយចំនួននៅក្នុងតំបនអាស៊ីអាគ្នេយ៍ នៅតែមានសង្ឃឹមខ្ពស់ក្នុងការចាប់យកឱកាសនាំចេញបង្កងកាន់តែច្រើនទៅកាន់ប្រទេសចិន ដោយសារតែការហាមឃាត់ការនាំចូលបង្កងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ពីប្រទេសអូស្រ្តាលី នៅតែបន្តចូលជាធរមាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសជាសមាជិកអាស៊ានចំនួនបីគឺ ឥណ្ឌូនេស៊ី ថៃ និងវៀតណាម បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីដណ្តើមយកចំណែកទីផ្សារកាន់តែច្រើន ចំពោះការនាំចេញបង្កងរបស់ខ្លួន ទៅកាន់ប្រទេសចិន បន្ទាប់ពីបានមើលឃើញថាការនាំចេញរបស់ពួកគេ បានកើនឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីឆ្នាំ២០១០ មក។

គួរឲ្យដឹងថា ប្រទេសជាសមាជិកទាំងបីនៃតំបន់អាស៊ាន បច្ចុប្បន្នកំពុងដណ្តើមបាន ៦,៨% នៃចំណែកទីផ្សារលើការនាំចូលបង្កងសរុបរបស់ប្រទេសចិន កាលពីឆ្នាំមុន ពោលគឺបានកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០១៩ ។

យោងតាមទិន្នន័យគយចិន បានបង្ហាញឲ្យដឹងទៀតថា ឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់ជាអ្នកនាំចេញបង្កងធំជាងគេទី៥ ទៅកាន់ប្រទេសចិន ជាមួយតម្លៃសរុបឈានដល់ ១៨,២៧លានដុល្លារ ក្នុងឆ្នាំ២០២៣ កើនឡើងជិត ៤៤% ឬស្មើនឹង ២,៩% នៃចំណែកទីផ្សារសរុប។

ជាមួយគ្នានេះផងដែរ ប្រទេសថៃ ក៏ត្រូវបានចាត់ទុកថាជាប្រទេសចេញអាហារសមុទ្រដ៏ធំបំផុតទីប្រាំពីរ ទៅកាន់ប្រទេសចិន ផងដែរ ដោយបានមើលឃើញថាការនាំចេញបង្កងរបស់ខ្លួនកើនឡើងដល់ ១៦០ ដង គិតចាប់តាំងពីឆ្នាំ២០១៩ មក ពីតម្លៃសរុប ៨៨ ១២៣ដុល្លារ ដល់ ១៤,១លានដុល្លារកាលពីឆ្នាំមុន ឬស្មើនឹង ២,២% នៃចំណែកទីផ្សារសរុប។

ឱកាសនៃការនាំចេញបង្កងរបស់ប្រទេសសមាជិកអាស៊ានទាំងបី ទៅកាន់ប្រទេសចិន នៅតែត្រូវបានគេរំពឹងទុកថាបន្តកើនឡើង ពោលគឺចាប់តាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញបម្រាមហាមឃាត់ការនាំចូលបង្កងពីប្រទេសអូស្រ្តាលីមក។

ជម្រាបជូនផងដែរថា យោងតាមរដ្ឋបាលទូទៅនៃគយចិន បានបង្ហាញឲ្យដឹងថា ប្រភពដ៏ធំរបស់ចិន សម្រាប់ការនាំចូលបង្កងនៅពេលនេះ គឺប្រទេសនូវែលសេឡង់ ដែលមានចំណែកទីផ្សារស្ទើរតែ ៤០% នៃចំណែកទីផ្សារសរុប ខណ:បន្ទាប់មកគឺម៉ិកស៊ិក មានចំណែកទីផ្សារ ២០% និងសហរដ្ឋអាមេរិកដែលមានចំណែកទីផ្សារ ១៦%៕