ផ្លែឈើកសិកម្មវៀតណាមកំពុងត្រូវប៉ាន់នៅប្រទេសចិន ក្នុងពិធីបុណ្យចូលឆ្នាំ

អន្តរជាតិ

ជនជាតិចិនតែងតែប្រើប្រាស់ផ្លែស្រកានាគ និងផ្លែឈើផ្សេងៗទៀត ដើម្បីធ្វើជាគ្រឿងសក្ការៈបូជានាឱកាសពិធីបុណ្យចូលឆ្នាំចិន ក៏ប៉ុន្តែនៅឆ្នាំនេះចិនកំពុងតែជួបប្រទះនឹងកង្វះខាតផលិតផលផ្លែឈើរបស់ខ្លួនដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ស្របពេលវៀតណាមឯណោះវិញកំពុងតែអំណោយផល ដោយហេតុថាប្រទេសនេះមានបន្លែផ្លែឈើអាចប្រមូលផល និងនាំចេញបានចាប់ពីខែមករា ដល់ខែឧសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចេញផលិតផលកសិកម្មវៀតណាមទៅកាន់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងព្រោះថា ប្រទេសចិននាពេលបច្ចុបន្ននេះកំពុងតែជួបប្រទះនឹងអាកាសធាតុចុះត្រជាក់នៅតំបន់មួយចំនួន កត្តានេះហើយបានបណ្តាលឲ្យផលិតផលដូចជាចេកជាដើមនោះប្រែប្រួលពណ៌ទៅជាជាំ ម្យ៉ាងវិញទៀតគួបផ្សំនឹងរដូវកាលប្រមូលផលផ្លែស្រកានាគរបស់ចិនបានកន្លងផុតទៅ ជាហេតុធ្វើឲ្យមានការខ្វះខាតផលិតផលកសិកម្មនៅរដូវកាលចូលឆ្នាំថ្មីខាងមុខ។

ក្នុងនោះសមាគមផ្លែឈើ និងបន្លែវៀតណាមបានលើកឡើងថា ដោយសារតែមានតម្រូវការពីប្រទេសចិន ការនាំចេញបន្លែ ក៏ដូចជាផ្លែឈើស្រស់របស់ខ្លួននៅឆ្នាំ២០២៤នេះ នឹងមានតម្រូវការកើនឡើង៨៩,២% ឬដល់ចំនួន ៤៥៩លានដុល្លារ។

គួររម្លឹកដែរថា កាលពីអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ទៅកាន់ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ បាននាំមកនូវសមិទ្ធផលយ៉ាងច្រើនមកកាន់ទីក្រុងហូជីមិញ ដោយកាលនោះភាគីចិនបាននិយាយថា ពួកគេនឹងបើកទីផ្សារដល់ផលិតផលកសិកម្មវៀតណាមជាច្រើនប្រភេទរួមមាន ដូងស្រស់ ផលិតផលផ្លែឈើក្លាសេ ផ្លែក្រូចឆ្មារ ផ្លែបឺរ ផ្លែទាប និងផ្លែជម្ពូជាដើម បន្ថែមពីនោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើពិធីសារសម្រាប់ការនាំចេញផ្លែឪឡឹកផងដែរ។

សូមជម្រាបថា ចិនមិនមែនជាច្រកទ្វារទីផ្សារដែលវៀតណាមអាចនាំចេញផ្លែឈើកសិកម្មតែមួយគត់នោះទេ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសអាស៊ីមួយចំនួន ក៏គ្រោងនឹងបើកទ្វារទទួលផ្លែឈើវៀតណាមបន្ថែមទៀត។ លើសពីនោះសហរដ្ឋអាមេរិក និងអូស្ត្រាលី គ្រោងនឹងនាំចូលផ្លែផាស៊ិន ខណៈបណ្តាប្រទេសមួយចំនួនទៀតតួយ៉ាងជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌាក៏មានបំណងចង់ទិញក្រូចថ្លុង និងនាំចូលទុរេនវៀតណាមផងដែរ៕