កាលពីថ្ងៃទី២៤ ខែមករា ក្រុមហ៊ុនរថយន្តខ្នាតយក្ស Ford Motor បានប្រកាសថា ពួកគេរំពឹងថានឹងមានការខាតបង់ដ៏ច្រើន កាលពីត្រីមាសទី៤ ប្រមាណ ១,៧ពាន់លានដុល្លារ ដោយសារការធ្វើបាតុកម្មពីក្រុមបុគ្គលិក បណ្ដាលឲ្យមានការកកស្ទះដល់សង្វាក់ផលិតកម្ម។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ការខាតបង់ដ៏ធំមួយនេះ នឹងធ្វើឲ្យប្រាក់ចំណូលប្រចាំត្រីមាសទី៤ របស់ក្រុមហ៊ុន Ford ថយចុះមកនៅត្រឹម ១,៣ពាន់លានដុល្លារប៉ុណ្ណោះ។
ការថយចុះនៃប្រាក់ចំណូលរបស់ Ford គឺបានកើតមានឡើងតាំងពីត្រីមាសទី៣ នៅពេលដែលក្រុមបុគ្គលិកចេញបាតុកម្ម និងបានធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រមាណ ១,៣ពាន់លានដុល្លារនៅក្នុងត្រីមាសទី៣ ផងដែរ។
ជាមួយគ្នា ក្រុមហ៊ុនរថយន្តអាមេរិកមួយនេះក៏បានជួបបញ្ហាមួយទៀត គឺបានប្រកាសប្រមូលរថយន្តប្រហែល ២,២៤លានគ្រឿង ចូលឃ្លាំងដើម្បីជួសជុលវិញ ក្រោយរកឃើញថា គ្រឿងបង្គុំរថយន្តទាំងនោះមានបញ្ហា អាចបង្កហានិភ័យដល់អ្នកបើកបរ៕