បិទបញ្ជីឆ្នាំ២០២៣ មហាសេដ្ឋីរុស្ស៊ីកើនទ្រព្យសម្បត្តិបានច្រើនសន្ធឹក

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី នៅតែបន្តកើនឡើងក្រាស់ក្រែលកាលពីឆ្នាំ២០២៣ បើទោះជាពួកគេកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរពីមហាអំណាចលោកខាងលិចក្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា គិតពេញមួយឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី មានការកើនឡើងជាង ៥០ពាន់លានដុល្លារ ដោយក្នុងនោះ​ស្ថាបនិកក្រុមហ៊ុន Lukoil លោក Vagit Alekperov កើបលុយបានច្រើនជាងគេ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីរុស្ស៊ី ៥រូប ដែលមានកំណើនទ្រព្យសម្បត្តិច្រើនបំផុត​កាលពីឆ្នាំ២០២៣៖

១/ លោក Vagit Alekperov ស្ថាបនិកក្រុមហ៊ុនប្រេង Lukoil មានទ្រព្យសម្បត្តិសរុប ២៤,៧ពាន់លានដុល្លារ កើនឡើង ៩,៣ពាន់លានដុល្លារ

២/ លោក Andrei Melnichenko សហស្ថាបនិកក្រុមហ៊ុនធ្យូងថ្ម Eurochen and SUEK មានទ្រព្យសម្បត្តិសរុប ១៧,៤ពាន់លានដុល្លារ កើនឡើង ៥,៧ពាន់លានដុល្លារ

៣/ លោក Vladimir Lisin ស្ថាបនិកក្រុមហ៊ុនដែកថែប NLMK មានទ្រព្យសម្បត្តិសរុប ២៤ពាន់លានដុល្លារ កើនឡើង ៤ពាន់លានដុល្លារ

៤/ លោកLeonid Fedun អតីតប្រធានក្រុមហ៊ុន Lukoil មានទ្រព្យសម្បត្តិសរុប ៩,៨ពាន់លានដុល្លារ កើនឡើង ៣,៩ពាន់លានដុល្លារ

៥/ លោក Leonid Mikhelson នាយកប្រតិបត្តិក្រុមហ៊ុនឧស្ម័នធម្មជាតិ NOVATEK មានទ្រព្យសម្បត្តិសរុប ២៧,៥ពាន់លានដុល្លារ កើនឡើង ២,៨៣ពាន់លានដុល្លារ

កំណើនទ្រព្យសម្បត្តិដ៏ច្រើនបែបនេះ បានធ្វើឲ្យស្ដេចប្រេងនៅរុស្ស៊ី លោក Alekperov ឈរនៅ​លេខរៀងទី៣ ជាកំពូលអ្នកមានបំផុតនៅរុស្ស៊ី តាមពីក្រោយលោក Mikhelson ជាមហាសេដ្ឋីមានបំផុតទី២។

ចំណែកឯអ្នកមានបំផុតនៅរុស្ស៊ី គឺលោក Vladimir Potanin ម្ចាស់ក្រុមហ៊ុនផលិត និងជីករ៉ែនីកែលធំបំផុតលើលោក Nornickel ជាមួយនឹងកំណើនទ្រព្យសម្បត្តិប្រហែល ២,៥ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ និងធ្វើឲ្យលោកមានទ្រព្យសម្បត្តិសរុបប្រហែល ៣១ពាន់លានដុល្លារ៕