ក្រុមហ៊ុនចិនខ្នាតយក្សជាច្រើន កំពុងសម្រុកទៅបណ្តាក់ទុន នៅក្នុងទីក្រុងឌុយបៃ

អន្តរជាតិ

យោងតាមលោក Ian Johnston ដែលជានាយកប្រតិបត្តិនៃអាជ្ញាធរសេវាហិរញ្ញវត្ថុនៃទីក្រុងឌុយបៃ (DFSA) បាននិយាយថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិធំៗរបស់ប្រទេសចិនជាច្រើន កំពុងនាំគ្នាមកចុះឈ្មោះយកអាជ្ញាប័ណ្ណ ដើម្បីមកធ្វើប្រតិបត្តិការអាជីវកម្មរបស់ពួកគេ នៅក្នុងទីក្រុងឌុយបៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Johnston បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន Reuters នៅឯខាងក្រៅវេទិកាហិរញ្ញវត្ថុអាស៊ី ដែលរៀបចំធ្វើឡើងនៅទីក្រុងហុងកុង កាលពីពេលថ្មីៗកន្លងទៅថា ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ និងគ្រប់គ្រងទ្រព្យសកម្មរបស់ប្រទេសចិនជាច្រើន បាននិងកំពុងទទួលបានអាជ្ញាប័ណ្ណដើម្បីមកធ្វើប្រតិបត្តិការ នៅក្នុងទីក្រុងឌុយបៃ ហើយចំនួននេះនៅតែបន្តកើនឡើងបន្ថែមទៀត ។

នាយកប្រតិបត្តិរបស់ DFSA រូបនេះ បានបន្ថែមឲ្យដឹងទៀតថា ទីក្រុងឌុយបៃ បាននិងកំពុងទាក់ទាញធនាគារពិភពលោក រួមទាំងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ និងអង្គភាពមូលនិធិការពារហានិភ័យជាច្រើនរួចមកហើយ ខណ:ពេលដែលឥឡូវនេះ ក៏បានមើលឃើញពីការកើនឡើងយ៉ាងខ្លាំងនៃការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនខ្នាតយក្សជាច្រើនរបស់ចិន ផងដែរ។

ទន្ទឹមនឹងនេះ លោក Johnston បាននិយាយទៀតថា កាលពីមុនការចាប់អារម្មណ៍ក្នុងការមកធ្វើប្រតិបត្តិការនៅទីក្រុងឌុយបៃ មានតែធនាគារពាណិជ្ជធំៗរបស់ប្រទេសចិនប៉ុណ្ណោះ ដើម្បីមកផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម និងគម្រោងផ្សេងៗ។ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មរបស់ចិន ក៏បានមកចូលរួមក្នុងការធ្វើអាជីវកម្មរបស់ពួកគេផងដែរ ដោយសារតែពួកគេកំពុងស្វែងរកការធ្វើការចម្រុះកម្មទ្រព្យសម្បត្តិរបស់ខ្លួន ចំពេលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកកំពុងបន្ត។

គួរឲ្យដឹងថា ជុំវិញការកើនឡើងនៃចំនួនវិនិយោគិនចិន ក្នុងការមកបណ្តាក់ទុននៅក្នុងទីក្រុងឌុយបៃដ៏ច្រើនបែបនេះ ដោយសារតែពួកគេកំពុងស្វែងរកទីកន្លែងដែលមានសុវត្ថិភាពខ្ពស់សម្រាប់ការធ្វើអាជីវកម្មរបស់ខ្លួន ក៏ដូចជាគោលនយោបាយអព្យាកក្រឹត និងវិធានការអំណោយផលផ្សេងៗទៀត ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលអារ៉ាប់រួម ផងដែរ។

ជម្រាបជូនផងដែរថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អារ៉ាប់រួម ហើយកាលពីឆ្នាំមុន ខណ:ពេលដែលទាំងអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រទេស ៤ ផ្សេងទៀត សុទ្ធសឹងតែត្រូវបានអញ្ជើញឲ្យចូលរួមក្នុងក្រុម BRICS ដែលជាប្លុកប្រទេសមានសេដ្ឋកិច្ចទីផ្សារកំពុងរីកចម្រើន៕