ពាណិជ្ជកម្មរបស់ប្រទេសឡាវទាំងការនាំចូល និងទាំងការនាំចេញនៅក្នុងអំឡុងតែខែធ្នូ ឆ្នាំ២០២៣ប៉ុណ្ណោះ មានចំនួនសរុប ១,២៣៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។
របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករាពីគេហទំព័រ Lao Trade Portal បានឲ្យដឹងថា ការនាំចេញរបស់ប្រទេសឡាវនៅក្នុងខែធ្នូមានតម្លៃប្រហែល ៥៣១លានដុល្លារ ខណៈដែលការនាំចូលវិញមានតម្លៃប្រហែល ៧០៣លានដុល្លារ ដែលនេះបានបណ្តាលឲ្យមានឱនភាពពាណិជ្ជកម្មប្រមាណ ១៧២លានដុល្លារឯណោះ។
គួរបញ្ជាក់ថា ផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសឡាវ រួមមានដុំមាស រ៉ែមាស កៅស៊ូ ផលិតផលក្រដាស ដំឡូងមី ម្សៅដំឡូងមី ផលិតផលអគ្គិសនី ដុំឈើ សំណល់ក្រដាស ដែក និងសម្លៀកបំពាក់ជាដើម។
ជាមួយគ្នានោះ ការនាំចូលជាចម្បងរបស់ប្រទេសនេះរួមមាន ប្រេងឥន្ធនៈ គ្រឿងចក្រ យានជំនិះ គ្រឿងអគ្គិសនី ផលិតផលដែក ប្រេងសាំង ភេសជ្ជៈ គ្រឿងបន្លាស់រថយន្ត ផលិតផលប្លាស្ទិក ក្រដាស និងសំណល់ក្រដាសជាដើម។
សូមជម្រាបបន្ថែមថា ដោយយោងតាមរបាយការណ៍បានបង្ហាញថា ប្រទេសចិន វៀតណាម និងថៃ គឺសុទ្ធសឹងតែជាប្រទេសធ្វើពាណិជ្ជកម្មនាំចេញ នាំចូលជាមួយប្រទេសឡាវឈានមុខគេបង្អស់ ក្នុងចំណោមបណ្តាប្រទេសគោលដៅសំខាន់ផ្សេងៗទៀត៕