Tesla ខាតបង់ជាង ៨០ពាន់លានដុល្លារ ក្រោយ Elon Musk ព្រមានពីការលក់មានកំណើនយឺត

អន្តរជាតិ

កាលពីថ្ងៃទី២៥ ខែមករា តម្លៃហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla មានការថយចុះរហូតដល់ ១២% បន្ទាប់ពីមហាសេដ្ឋី Elon Musk ព្រមានពីការលក់នៅក្នុងឆ្នាំនេះ នឹងមានកំណើនយឺតជាងមុន ធ្វើឲ្យក្រុមហ៊ុនមួយនេះខាតលុយអស់ ៨០ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មានCNA បានបង្ហាញថា មេធំក្រុមហ៊ុន Tesla បានព្រមាន​ថា អត្រាលក់រថយន្តរបស់ Tesla កំពុងប្រឈមនឹងការងើបឡើងយឺត ដោយសារតម្រូវការមានតិចនៅលើទីផ្សារប្រទេសចិន ក៏ដូចជាគូប្រជែងធំៗដូចជា BYD ជាដើម គឺលក់រថយន្តនៅក្នុងតម្លៃទាប ជាងក្រុមហ៊ុនរបស់ខ្លួន។

ជាមួយគ្នា មហាសេដ្ឋីមានបំផុតនៅលើលោករូបនេះ ក៏បានបង្ហើបដែរថា ក្រុមហ៊ុន Tesla ក៏កំពុង​ត្រៀមផលិតរថយន្តដែលមានតម្លៃទាប សម្រាប់ប្រជែងជាមួយក្រុមហ៊ុនចិនផងដែរ ដោយគ្រោងនឹងចេញលក់រថយន្តថ្មីនោះ នៅពាក់កណ្ដាលឆ្នាំ២០២៥។

រំលឹកបន្តិចថា កាលពីពេលថ្មីៗនេះ លោក Elon Musk ធ្លាប់បង្ហាញពីក្ដីបារម្ភលើទីផ្សាររថយន្ត​អគ្គិសនី ដោយអះអាងថា ចិនអាចនឹងដណ្ដើមបានទីផ្សាររថយន្តនៅលើពិភពលោក បើសិនជាមិនមានរបាំងពាណិជ្ជកម្មត្រឹមត្រូវ នៅលើទីផ្សាររថយន្តអន្តរជាតិ ដ្បិតបច្ចុប្បន្ន​រថយន្តចិន​កំពុងត្រូវប៉ាន់ ដោយសារតម្លៃទាប ហើយបច្ចេកវិទ្យាក៏មិនចាញ់ក្រុមហ៊ុនធំៗ​របស់អាមេរិកផងដែរ៕