សិង្ហបុរី និងចិន ឈានដល់ការព្រមព្រៀងលើកលែងទិដ្ឋាការរយ:ពេល ៣០ថ្ងៃ សម្រាប់ពលរដ្ឋខ្លួន

អន្តរជាតិ

ប្រទេសសិង្ហបុរី និងចិន បានឈានដល់ការយល់ព្រមលើការធ្វើដំណើរចេញចូលប្រទេសទាំងពីរ ដោយពុំតម្រូវឲ្យមានទិដ្ឋាការរយ:ពេល ៣០ថ្ងៃ សម្រាប់ពលរដ្ឋរបស់ពួកគេ ដែលច្បាប់ថ្មីនេះនឹងត្រូវចូលជាធរមានជាផ្លូវការ នៅថ្ងៃទី៩ ខែកុម្ភ: ខាងមុខ ពោលគឺនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Channel News Asia ផែនការសម្រាប់កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមករវាងប្រទេសទាំងពីរ រយៈពេល ៣០ថ្ងៃនេះ ត្រូវបានប្រកាសកាលពីខែធ្នូ ឆ្នាំមុនមកម្លេះ ក្នុងអំឡុងវេទិកាទ្វេភាគីប្រចាំឆ្នាំកម្រិតខ្ពស់របស់ប្រទេសទាំងពីរ ដែលត្រូវចូលរួមដោយឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និងឧបនាយករដ្ឋមន្ត្រីចិន​ លោក Ding Xuexiang ។

គួរឲ្យដឹងថា ប្រជាជនសិង្ហបុរីដែលកាន់លិខិតឆ្លងដែនធម្មតា បច្ចុប្បន្នអាចចូលប្រទេសចិនបាន ដោយគ្មានទិដ្ឋាការរយៈពេល ១៥ថ្ងៃ សម្រាប់គោលបំណងដូចជាការដើរលេង ទៅលេងគ្រួសារ និងការធ្វើអាជីវកម្ម ខណ:ពេលដែលពលរដ្ឋចិនបច្ចុប្បន្ន នៅតែត្រូវការទិដ្ឋាការដើម្បីអាចចូលទៅកាន់ប្រទេសសិង្ហបុរីបាន។

ជម្រាបជូនផងដែរថា នៅចន្លោះខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ សិង្ហបុរីបានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបចំនួន ១២,៤ លាននាក់ ដែលក្នុងនោះចំនួនភ្ញៀវទេសចរចិន មានត្រឹមតែជាង ១,២ លាននាក់ប៉ុណ្ណោះ៕