យោងតាមមន្រ្តីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃសុក្រ ទី២៦ ខែមករាកន្លងទៅថា តម្លៃនៃការខូចខាតដែលបានបំផ្លិចបំផ្លាញដោយសារតែគ្រោះរញ្ជួយដីកាលពីដើមឆ្នាំ២០២៤ នេះ អាចនឹងឈានដល់ចំនួន ១៧,៦ពាន់លានដុល្លារ ឯណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គ្រោះរញ្ជួយដីធ្ងន់ធ្ងរកម្រិត ៧,៥ រ៉ិចទ័រ ដែលបានកើតឡើងនៅដើមឆ្នាំនេះ បានបំផ្លិចបំផ្លាញផ្នែកខ្លះនៃខេត្ត Ishikawa ប្រទេសជប៉ុន ជាមួយនឹងការដួលរលំអគារ ខូតខាតផ្លូវថ្នល់ និងបង្កឲ្យមានអគ្គីភ័យដ៏ធំមួយ។
គួរឲ្យដឹងថា ការខូចខាតនៅក្នុងខេត្ត Ishikawa និងតំបន់ជិតខាងចំនួនពីរផ្សេងទៀត ទំនងជាមានតម្លៃចន្លោះពី ១,១ទ្រីលានយ៉េន (៧,៤ពាន់លានដុល្លារ) ដល់ ២,៦ទ្រីលានយ៉េន (១៧,៦ពាន់លានដុល្លារ) ឯណោះ។ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលជប៉ុន។
ជម្រាបជូនទៀតផងដែរថា មន្ត្រីការិយាល័យខុទ្ទកាល័យ បានបញ្ជាក់ពីតួលេខនេះ ជាមួយនឹងការគណនាដោយប្រើទិន្នន័យពីការរញ្ជួយដីដ៏ធំកាលពីអតីតកាល ហើយបានរាយការណ៍ទៅកាន់កិច្ចប្រជុំសេដ្ឋកិច្ចមួយរបស់រដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ៕