មិនខុសពីចិន វិស័យអចលនទ្រព្យអាមេរិក កំពុងប្រឈមវិបត្តិបំណុលខ្ទង់ទ្រីលានដុល្លារ

អន្តរជាតិ

បច្ចុប្បន្ន វិស័យអចលនទ្រព្យនៅប្រទេសចិនកំពុងមានបញ្ហាចាក់ស្រែះ ជាមួយបំណុលវ័ណ្ឌក រកដំណោះស្រាយមិនទាន់ឃើញផង ស្រាប់តែវិស័យអចលនទ្រព្យរបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោក សហរដ្ឋអាមេរិក ក៏កំពុងប្រឈមនឹងបញ្ហាដូចគ្នា ទំនងផុងក្នុងរណ្ដៅបំណុលខ្ទង់ទ្រីលានដុល្លារនាពេលប៉ុន្មានឆ្នាំខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលោក Howard Lutnick នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cantor Fitzgerald ថ្មីៗនេះ បាននិយាយថា វិស័យអចលនទ្រព្យរបស់សហរដ្ឋ​អាមេរិក​ អាចនឹងកាន់តែធ្លាក់ផុងជ្រៅចូលទៅក្នុងវិបត្តិ​បំណុល ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

មហាសេដ្ឋីដែលជាប់នៅក្នុងបញ្ជី Wall Street រូបនេះ ក៏បានចង្អុលបង្ហាញពីបញ្ហាធំៗដែលអាចកើតមាននៅក្នុងទីផ្សារអចលនទ្រព្យរបស់សហរដ្ឋអាមេរិក ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យពាណិជ្ជកម្ម ដោយអ្នកជំនាញជាច្រើនបានព្យាករទុកថា បំណុលនៅក្នុងវិស័យនេះ អាចនឹងមានការកើនឡើងដល់ ១ទ្រីលានដុល្លារ ឯណោះនៅក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ។

លោក Lutnick ក៏បាននិយាយបន្ថែមទៀតថា បន្ទុកបំណុលដ៏ច្រើនសម្បើមនេះ អាចនឹងបង្កជាហានិភ័យដ៏ធំសម្រាប់ឧស្សាហកម្មនេះ នៅពេលដែលអត្រាការប្រាក់ដែលដាក់ចេញដោយធនាគារកណ្តាលអាមេរិក មើលទៅទំនងជាបន្តស្ថិតនៅកម្រិតខ្ពស់ ក្នុងរយ:ពេលយូរ។

គួរឲ្យដឹងផងដែរថា ការចំណាយខ្ពស់សម្រាប់សងការប្រាក់កម្ចី មានន័យថា កូនបំណុលមានផលវិបាកក្នុងការបង់ការប្រាក់លើបំណុលដែលមានស្រាប់ ខណៈម្ចាស់បំណុលត្រូវពិចារណាល្អិតល្អន់លើការផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងដែលអាចប្រឈមហានិភ័យ។

ជម្រាបជូនទៀតផងដែរថា អ្នកជំនាញជាច្រើន បានធ្វើការព្រមានអំពីបញ្ហាដែលកើតមានឡើងសម្រាប់វិស័យអចលនទ្រព្យពាណិជ្ជកម្ម ចាប់តាំងពីដើមឆ្នាំ២០២៣ មក នៅពេលដែលភាពចលាចលក្នុងវិស័យធនាគារ បានចាប់ផ្តើមរឹតបន្តឹងលក្ខខណ្ឌឥណទាន សម្រាប់ការផ្តល់កម្ចីនៅក្នុងតំបន់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់វិស័យអចលនទ្រព្យពាណិជ្ជកម្មទាំងអស់ នៅទូទាំងប្រទេស៕