មហាសេដ្ឋី MacKenzie Scott អតីតភរិយាស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានលក់ភាគហ៊ុនចំនួន ៦៥,៣លានហ៊ុន នៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សអាមេរិក កាលពីឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Bloomberg។
ប្រភពដដែលបន្ថែមថា ការលក់ភាគហ៊ុនកាលពីឆ្នាំទៅ ធ្វើឲ្យលោកស្រីកើនចំណូលលើសពី ១០ពាន់លានដុល្លារ បើគិតតាមហាងឆេងតម្លៃភាគហ៊ុនត្រឹមថ្ងៃសុក្រសប្ដាហ៍មុន។
រំលឹកបន្តិចថា កាលពីឆ្នាំ២០១៩ នៅពេលប្រកាសលែងលះជាមួយមហាសេដ្ឋី Jeff Bezos លោកស្រី Scott ទទួលបានចំណែក ៤% នៃក្រុមហ៊ុន Amazon ដែលមានតម្លៃប្រមាណ ៣៦ពាន់លានដុល្លារនាពេលនោះ ប៉ុន្តែលោកស្រីបានបរិច្ចាគពាក់កណ្ដាលនៃទឹកប្រាក់ទៅកាន់អង្គការសប្បុរសធម៌នានា។
តាំងពីពេលនោះ មកទល់បច្ចុប្បន្ន អតីតភរិយាស្ថាបនិក Amazon តែងតែធ្វើការបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួន ធ្វើកម្មវិធីសប្បុរសធម៌ និងជាប់ឈ្មោះជាមហាសេដ្ឋីចិត្តបុណ្យម្នាក់នៅអាមេរិក ខណៈទ្រព្យសម្បត្តិរបស់លោកស្រីគឺមានប្រមាណ ៤២,៦ពាន់លានដុល្លារ៕