មូលនិធិ Bill Gates៖ ទឹកប្រាក់ត្រឹម ០,៥% របស់មហាសេដ្ឋីពិភពលោក អាចជួយជីវិតមនុស្សរាប់លាននាក់

អន្តរជាតិ

មូលនិធិរបស់មហាសេដ្ឋី Bill Gates គឺ The Bill & Melinda Gates Foundation បានបង្ហើបថា ត្រឹមទឹកប្រាក់តែ ០,៥% នៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពិភពលោក អាចដោះស្រាយបញ្ហាជាច្រើន និងជួយដល់ជីវិតមនុស្សរាប់លាននាក់ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា នាយកប្រតិបត្តិនៃស្ថាប័នមួយនេះ គឺលោក Mark Suzman បាននិយាយថា បើសិនជាមហាសេដ្ឋីពិភពលោក បរិច្ចាគទឹកប្រាក់ត្រឹម ៦១ពាន់លានដុល្លារ ដែលមានចំនួនតិចជាង ១%នៃទ្រព្យសម្បត្តិរបស់ពួកគេ នោះវិបត្តិសកលជាច្រើននឹងត្រូវបានដោះស្រាយ ហើយថែមទាំងនៅសល់លុយចំនួន ៤៩ពាន់លានដុល្លារថែមទៀត។

CEO រូបនេះបន្ថែមទៀតថា ត្រឹមទឹកប្រាក់ ១ពាន់លានដុល្លារ អាចជួយដល់ម្ដាយ និងទារក ប្រមាណ ២លាននាក់ត្រឹមឆ្នាំ២០៣០ ខណៈ ៤ពាន់លានដុល្លារអាចជួយដល់កសិករខ្នាតតូច ប្រហែល ៥០០លាននាក់ ទប់ទល់នឹងវិបត្តិបម្រែបម្រួលអាកាសធាតុ និងបង្កើនផលកសិកម្ម​រាប់សែនតោន នៅក្នុងឆ្នាំ២០៣០ ដូចគ្នា។

អ្វីដែលកាន់តែអស្ចារ្យនោះគឺ ទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ នឹងជួយដល់វិស័យសុខាភិបាល ក្នុងការស្រាវជ្រាវរកវ៉ាក់សាំងនានា សម្រាប់ផ្ដល់ជូនមនុស្ស ៣០០លាននាក់ និងទប់ស្កាត់អត្រាមរណៈដល់ទៅ ៧លាននាក់ណោះ។

គូសរំលឹកបន្តិចថា កាលពីឆ្នាំ២០២៣ ទស្សនាវដ្ដី Forbes បានចេញផ្សាយថា មានមហាសេដ្ឋីពិភពលោកប្រមាណ ២ ៦៤០នាក់កាលពីឆ្នាំមុន និងមានទ្រព្យសម្បត្តិសរុបរហូត ១២,២ទ្រីលានដុល្លារ។

ជម្រាបបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងវិបត្តិសកលនានាដែលកំពុងកើតមាន មូលនិធិ Gates ក៏បានប្រកាសពីកញ្ចប់ចំណាយថ្មីក្នុងឆ្នាំ២០២៤ ប្រមាណ ៨,៦ពាន់លានដុល្លារ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន និងថែមទាំងបានអំពាវនាវឲ្យមហាសេដ្ឋីមានលុយគ្រាក់ៗ​ជាច្រើន ងាកមកចាប់អារម្មណ៍ ក៏ដូចជាជួយបរិច្ចាគទឹកប្រាក់ ដោះស្រាយបញ្ហាដែលកំពុងកើតមានសព្វថ្ងៃផងដែរ៕