ផ្ទះវីឡាលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានតុលាការដាក់ដេញថ្លៃក្នុងតម្លៃ ៩០លានដុល្លារ

អន្តរជាតិ

តុលាការកំពូលដែលគ្រប់គ្រងដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា បានចេញសេចក្តីសម្រចបញ្ជាឲ្យដាក់លក់ផ្ទះលោកស្រី អ៊ុងសាន ស៊ូជី នៅទីក្រុងយ៉ាំងហ្គោន ក្នុងតម្លៃដេញថ្លៃប្រមាណ ៩០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Irrawaddy ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនអស់រយៈពេល១៥ឆ្នាំ នៅផ្ទះវីឡាម្តាយខ្លួនក្បែមាត់បឹងក្នុងទីក្រុងយ៉ាំងហ្គោន ក៏ប៉ុន្តែផ្ទះនេះបានក្លាយជាប្រភពនៃជម្លោះគ្រួសារ ដោយសារតែកាលពីអំឡុងឆ្នាំ២០០០ លោក Aung San Oo បានប្តឹងលោកស្រី អ៊ុងសាន ស៊ូជី ដែលជាប្អូនស្រី និងបានអះអាងថាផ្ទះនោះជាផ្ទះរបស់គាត់ តែយ៉ាងណាក៏ត្រូវបានតុលាការច្រានចោល។ លុះឆ្នាំ២០១៦ តុលាការទីក្រុងយ៉ាំងហ្គោន បានសម្រចថាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវទទួលបានអាគារពីរជាន់ និងបានដីពាក់កណ្តាល​ ខណៈឯអាគារមួយផ្សេងទៀត និងដីដែលនៅសល់ជាកម្មសិទ្ធរបស់បងប្រុសរបស់លោកស្រីគឺលោក Aung San Oo ។

លើសពីនេះទៅទៀត នៅខែមករាឆ្នាំ២០១៩ លោក Aung San Oo បានប្តឹងទៅកាន់តុលាការកំពូលសាជាថ្មី ដោយដាក់ញត្តិដើម្បីធ្វើការដេញថ្លៃលំនៅដ្ឋាននោះ និងបែងចែកប្រាក់ដែលលក់បាន ហើយនៅទីបំផុតតុលាការកំពូល ដែលគ្រប់គ្រងដោយរបបយោធាបានសម្រចជាផ្លូវការកាលពីថ្ងៃទី២៥ ខែមករាសប្តាហ៍មុន។

គួរជម្រាបថា កាលអំឡុងឆ្នាំ១៩៤៧ រដ្ឋបានប្រគល់ដីទំហំ ០,៧៨ហិចតាដែលមានទីតាំងនៅក្បែរបឹង Inya ស្ថិតក្នុងទីក្រុងយ៉ាំងហ្គោនទៅកាន់លោកស្រី Khin Kyi ដែលជាម្តាយរបស់បុគ្គលទាំងពីរគឺលោកស្រី អ៊ុងសាន ស៊ូជី និងលោក Aung San Oo បន្ទាប់ពីប្តីរបស់គាត់លោកឧត្តមសេនីយ អ៊ុងសាន ត្រូវបានគេធ្វើឃាត ខណៈលោកស្រី Khin Kyi ក៏ជាអ្នកស្នាក់នៅក្នុងផ្ទះនោះរហូតដល់អនិច្ចកម្មនៅឆ្នាំ១៩៨៨ ។

មិនត្រឹមតែប៉ុណ្ណោះ ផ្ទះវីឡានេះធ្លាប់ធ្វើជាទីស្នាក់ការគណបក្សក្រៅផ្លូវការ ខណៈវាក៏ធ្លាប់ត្រូវបានទទួលស្វាគមន៍ឥស្សរជនជាន់ខ្ពស់មួយចំនួនផងដែររួមមាន អតីតប្រធានាធិបតីអាមេរិកលោក Barack Obama អតីតរដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton និងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon ផងដែរ៕