មហាសេដ្ឋីបារាំង លោក Xiavier Niel ដែលជាអ្នកជំនួញរកស៊ីលើវិស័យទូរគមនាគមន៍បានបង្ហើបថា លោកបានទិញក្រុមហ៊ុន Lifecell ដែលជាប្រតិបត្តិករបណ្ដាញទូរស័ព្ទចល័តធំបំផុតទី៣ នៅប្រទេសអ៊ុយក្រែន ក្នុងតម្លៃប្រហែល ៥០០លានដុល្លារ តាមរយៈក្រុមហ៊ុនវិនិយោគ NJJ Capital។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Kyivpost បានបង្ហាញថា កិច្ចព្រមព្រៀងមួយនេះ ត្រូវបានមហាសេដ្ឋីបារាំងចាត់ទុកថា ចំណាយលុយតិចមែនទែន បើធៀបនឹងអត្រាប្រាក់ចំណេញ ដែលក្រុមហ៊ុនអ៊ុយក្រែនមួយនេះទទួលបានក្នុងមួយឆ្នាំៗ។

បើទោះជាកុងត្រាមួយនេះ មានតម្លៃសមរម្យត្រឹម ៥០០លានដុល្លារក្ដី ប៉ុន្តែវាត្រូវចំណាយពេលយូរ ដើម្បីអាចបញ្ចប់កិច្ចព្រមព្រៀងមួយនេះបាន ពោលត្រូវរង់ចាំរហូតដល់ ៦ខែឯណោះ ដែលមានន័យថា ក្នុងរយៈពេលនេះ កិច្ចព្រមព្រៀងមួយនេះអាចនឹងមានការប្រែប្រួលគ្រប់ពេល។
សូមជម្រាបដែរថា មហាសេដ្ឋីបារាំង Xavier Niel គឺជាម្ចាស់ក្រុមហ៊ុនបណ្ដាញទូរគមនាគមន៍ខ្នាតយក្ស Iliad ដែលមានប្រតិបត្តិការណ៍នៅប្រទេសបារាំង អ៊ីតាលី និងប៉ូឡូញ ខណៈបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៧ពាន់លានដុល្លារ៕