ថៃរំពឹងថាផលិតកម្ម និងការលក់រថយន្តអគ្គិសនីរបស់ខ្លួន នឹងកើនឡើងនាឆ្នាំនេះ

អន្តរជាតិ

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានដាក់ក្តីរំពឹងថាការផលិតរថយន្តអគ្គិសនីរបស់ខ្លួន នឹងកើនឡើងដល់ទៅជិត ២លានគ្រឿងនៅឆ្នាំ២០២៤នេះ ហើយរំពឹងទៀតថាការលក់រថយន្តអគ្គិសនីនឹងកើនដល់ ១៩០ ០០០គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុប្រធាន និងក៏ជាអ្នកនាំពាក្យក្លឹបឧស្សាហកម្មរថយន្តរបស់ FTI លោក Surapong Paisitpattanapong បាននិយាយថា នៅក្នុងឆ្នាំ២០២៤ ថៃនឹងផលិតរថយន្តអគ្គិសនីឲ្យបានចំនួន ១,៩លានគ្រឿង ខណៈក្តីរំពឹងយ៉ាងដូច្នេះផ្អែកលើហេតុផលថា​ តម្រូវការរថយន្តក្នុងស្រុកនឹងជម្រុញសេដ្ឋកិច្ចថៃឲ្យកើនឡើង៣,៥% ចំណែកឯទីផ្សារនាំចេញក៏ត្រូវបានគេរំពឹងថា នឹងនៅតែមានភាពរឹងមាំ ដោយសារតែមានតម្រូវការពីទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ាន។

ជាមួយគ្នានោះ FTI ក៏រំពឹងដែរថា រថយន្តអគ្គិសនីនឹងបន្តកើនឡើងប្រជាប្រិយភាពបន្ថែមទៀត ព្រមទាំងបានកំណត់គោលដៅលក់រថយន្តឲ្យបានចំនួន ១៩០ ០០០គ្រឿង ហើយការរំពឹងបែបនេះ ក៏ដោយសារតែមានការលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាល តួយ៉ាងដូចជាការបន្ធូរបន្ថយពន្ធ ក៏ដូចជាការឧបត្ថម្ភធនសម្រាប់ការទិញរថយន្តអគ្គិសនី លើសពីនោះទៅទៀតរដ្ឋាភិបាលក៏កំពុងវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជាស្ថានីយសាកថ្មជាដើម។

គួរជម្រាបថា ឧស្សាហកម្មរថយន្តអគ្គិសនីថៃ ត្រូវបានគេរំពឹងថានឹងមានទីផ្សារការងារកាន់តែខ្ពស់ ស្របពេលបច្ចុបន្នមានបុគ្គលិកធ្វើការសរុបជាង ១លាននាក់ និងបានបង្កើតប្រាក់ចំណូលរាប់ពាន់លានបាត៕