បើកទំព័រឆ្នាំ២០២៤ ក្រុមហ៊ុន Tesla ជួបប្រទះបញ្ហាផ្ទួនៗ ពោលតម្លៃហ៊ុនរបស់ពួកគេថយចុះជាខ្លាំង និងបានធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រហែល ៨០ពាន់លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះកាលពីពេលកន្លងទៅ។
បញ្ហាទាំងអស់នេះ បានធ្វើឲ្យក្រុមវិនិយោគិនក្រុមហ៊ុន Tesla មិនមានភាពរីករាយជាមួយមហាសេដ្ឋី Elon Musk ឡើយ ស្របពេលធនាគារឯកជន Wedbush Securities ក៏បានបញ្ចេញជាមតិយោបល់ថា មេធំ Tesla គួរតែធ្វើរឿងរ៉ាវ ៣យ៉ាង ដើម្បីលួងចិត្តក្រុមវិនិយោគិន ដែលកំពុងឆេះដុំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Business Insider។

រឿង ៣យ៉ាង ដែលធនាគារ Wedbush លើកជាយោបល់ទៅកាន់មហាសេដ្ឋី Elon Musk គឺ៖
១/បញ្ឈប់ការកាត់បន្ថយតម្លៃរថយន្ត

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Tesla បានប្រើវិធានការកាត់បន្ថយតម្លៃរថយន្ត ដើម្បីប្រជែងជាមួយក្រុមហ៊ុនដទៃ ជាពិសេសគឺក្រុមហ៊ុនចិន ហើយលទ្ធផលពិតជាបានប្រសិទ្ធភាពមែន ដោយចំនួនរថយន្តដែលលក់ចេញ គឺមានការកើនឡើង ប៉ុន្តែប្រាក់ចំណេញរបស់ពួកគេ គឺមានការថយចុះ ដែលជាហេតុផលចំបងមួយ ធ្វើឲ្យក្រុមវិនិយោគិន មានការមិនពេញចិត្តជាខ្លាំង។
២/ចាប់ផ្ដើមយកចិត្តទុកដាក់ជាមួយកម្មវិធីបញ្ញាសប្បនិមិត្ត (AI)

បើទោះជាថ្មីៗនេះ Elon Musk ជោគជ័យជាមួយការបំពាក់បន្ទះឈីបខួរក្បាល លើមនុស្ស ជាមួយក្រុមហ៊ុន Neuralink ក៏ពិតមែន ប៉ុន្តែមហាសេដ្ឋីម្នាក់នេះ ហាក់មិនសូវអើពើជាមួយបច្ចេកវិទ្យា AI ជាមួយក្រុមហ៊ុន Tesla ប៉ុន្មានឡើយ។
ពួកគេគួរតែរៀបចំព្រឹត្តិការណ៍មួយ ពន្យល់ពិស្ដារពីបច្ចេកវិទ្យា AI ដែលបំពាក់លើរថយន្ត Tesla ទៅកាន់ក្រុមវិនិយោគិន ដើម្បីឲ្យពួកគេស្វែងយល់ឲ្យច្បាស់ ទើបពួកគេហ៊ានបណ្ដាក់ទុនបន្ថែមជាមួយក្រុមហ៊ុនមួយនេះ។
៣/ស្វែងរកកញ្ចប់ទឹកប្រាក់ពីខាងក្រៅ សម្រាប់ផ្គត់ផ្គង់ក្រុមហ៊ុន X

ការទិញយកបណ្ដាញសង្គម Twitter ហើយផ្លាស់ប្ដូរឈ្មោះជាក្រុមហ៊ុន X របស់មហាសេដ្ឋី Elon Musk មិនមែនជារឿងដែលធ្វើឲ្យវិនិយោគិននៅក្រុមហ៊ុន Tesla សប្បាយចិត្តឡើយ។
អ្វីដែលរឹតតែធ្វើឲ្យក្រុមវិនិយោគិនខឹងសម្បារនោះគឺ មេធំ Tesla បានលក់ភាគហ៊ុនមួយចំនួនធំ ដើម្បីយកទឹកប្រាក់ប្រហែល ៤៤ពាន់លានដុល្លារ ដើម្បីទិញក្រុមហ៊ុនមួយនេះ ដែលធ្វើឲ្យតម្លៃហ៊ុន Tesla ដាំក្បាលចុះជាខ្លាំង និងធ្វើឲ្យក្រុមវិនិយោគិនខាតបង់មិនស្ទើរទេ។
ដូច្នេះ ដើម្បីជៀសវៀងបញ្ហាមួយនេះ Elon Musk គួរតែស្វែងរកប្រភពជំនួយពីខាងក្រៅ ដើម្បីត្រៀមដោះស្រាយបញ្ហានៅក្រុមហ៊ុន X ជាជាងការលក់ភាគហ៊ុនច្រើនសំបើមនៅក្រុមហ៊ុន Tesla។
យ៉ាងណា នេះគ្រាន់តែជាមតិយោបល់របស់ធនាគារឯកជន Wedbush Securities ប៉ុណ្ណោះ ចំណែកឯការសម្រេចចិត្តគឺស្ថិតនៅលើមហាសេដ្ឋី Elon Musk ហើយបើមើលតាមស្ថានការណ៍ជាក់ស្ដែង គឺអាចដឹងបានថា បើសិនជា Elon Musk មិនកែប្រែទម្លាប់ដឹកនាំរបៀបនេះ ក្រុមវិនិយោគិននៅក្រុមហ៊ុន Tesla អាចនឹងនាំគ្នាបះបោរ ឬអាចឈានដល់ការប្ដឹងផ្ដល់គ្នាថែមទៀត៕