គម្រោងដាំបន្ទះឈីបក្នុងខួរក្បាលមនុស្សជាលើកដំបូងរបស់មហាសេដ្ឋី Elon Musk ទទួលបានជោគជ័យ​

អន្តរជាតិ

មហាសេដ្ឋីអាមេរិក លោក Elon Musk និងជាស្ថាបនិករបស់ក្រុមហ៊ុន Neuralink បាននិយាយថា គម្រោងក្នុងការដាំបន្ទះឈីបក្នុងខួរក្បាលមនុស្សជាលើកដំបូង កំពុងទទួលបានភាពជោគជ័យ បន្ទាប់ពីអ្នកជំងឺដែលទទួលបានការវះកាត់ខួរក្បាលពីក្រុមហ៊ុន Neuralink កំពុងមាន​អាការ:​ជាសះស្បើយឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញភាពជោគជ័យនេះ លោក Musk បាននិយាយនៅក្នុងការបង្ហោះសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួនថា លទ្ធផលនៃការដាក់បន្ទះឈីបក្នុងខួរក្បាលនេះ បានបង្ហាញពីការកើនឡើងសមត្ថភាពដ៏អស្ចារ្យនៃការគិតរបស់មនុស្ស។

គួរឲ្យដឹងផងដែរថា នៅក្នុងខែកញ្ញា ក្រុមហ៊ុន Neuralink ទទួលបានការយល់ព្រមពីរដ្ឋាភិបាល សម្រាប់ការជ្រើសរើសយកមនុស្សមកធ្វើការសាងល្បងគម្រោងរបស់ខ្លួនជាលើកដំបូង ខណ:ក្រុមហ៊ុននេះ ក៏បាននិយាយទៀតថា ការសិក្សានេះ គឺត្រូវប្រើមនុស្សយន្តដើម្បីធ្វើការវះកាត់ ដាក់បន្ទះឈីបនៅក្នុងខួរក្បាលរបស់មនុស្ស ហើយបន្ទះឈីបនេះ គឺមានសមត្ថភាពខ្លាំងដែលអាចឲ្យមនុស្សធ្វើការគ្រប់គ្រងគ្រឿងអេឡិចត្រូនិក ឬកុំព្យូទ័របាន ដោយត្រឹមតែប្រើការគិតរបស់ពួកគេប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោក Musk ក៏បានបញ្ជាក់ទៀតផងដែរថា បច្ចេកវិទ្យាថ្មីនេះ ក៏មានគោលបំណងជួយដល់អ្នកជំងឺដែលមានពិការភាព ក្នុងការប្រាស្រ័យទាក់ទងគ្នា ដោយអនុញ្ញាតឲ្យពួកគេគ្រប់គ្រងទៅលើឧបករណ៍ពីចម្ងាយ ដោយពុំចាំបាច់ប្រើដៃដោយផ្ទាល់នោះឡើយ៕