រដ្ឋាភិបាលឥណ្ឌូនេស៊ី ថ្មីៗនេះ បានធ្វើការកំណត់គោលដៅក្នុងការទាក់ទាញអ្នកវិនិយោគធំៗ យ៉ាងហោចណាស់ឲ្យបាន ១ ០០០ នាក់ តាមរយ:ផែនការទិដ្ឋាការមាសរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការនាំយកអ្នកដែកមានទេពកោសល្យខ្ពស់ និងលំហូរមូលធនបន្ថែម មកកាន់ប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
អគ្គនាយកផ្នែកអន្តោប្រវេសន៍ លោក Silmy Karim បាននិយាយថា ការិយាល័យរបស់លោក កំពុងស្ថិតក្នុងដំណើរការបង្កើតបទប្បញ្ញត្តិគាំទ្រថ្មី ដើម្បីអនុវត្តគោលនយោបាយទិដ្ឋាការមាស ស្របពេលវិនិយោគិតជាច្រើន បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការដាក់ពាក្យសុំទិដ្ឋាការប្រភេទនេះរួចទៅហើយ។
គួរឲ្យដឹងផងដែរថា កម្មវិធីទិដ្ឋាការមាស នឹងអនុញ្ញាតឲ្យអ្នកវិនិយោគបរទេស អាចស្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានរយៈពេលពី ៥ ទៅ ១០ឆ្នាំ ដោយនឹងអាស្រ័យលើចំនួននៃការវិនិយោគរបស់ពួកគេ នៅក្នុងប្រទេស។
សម្រាប់វិនិយោគិន ដែលមានបំណងបង្កើតក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌូនេស៊ី និងមានដើមទុនវិនិយោគយ៉ាងតិច ២,៥លានដុល្លារ ពួកគេមានសិទ្ធិអាចស្នាក់នៅបានរយៈពេល ៥ឆ្នាំ។ ហើយការស្នាក់នៅអាចនឹងបន្តបានដល់ ១០ឆ្នាំ ប្រសិនបើការវិនិយោគរបស់ពួកគេ កើនឡើងលើសពី ៥លានដុល្លារ៕