មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានធ្វើការព្យារករណ៍ថា ស្ថានភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣ បើទោះជាកំណើនសេដ្ឋកិច្ចហាក់នៅយឺតយ៉ាវក្ដី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
IMF ក៏បានលើកឡើងថា កំណើនសេដ្ឋកិច្ចនៃសហរដ្ឋអាមេរិក និងចិន ទំនងមានការងើបឡើងលឿន ស្របពេលអត្រាអតិផរណាប្រទេសទាំង២ ក៏កំពុងធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។
ជាមួយគ្នា ប្រធានសេដ្ឋកិច្ចវិទូ IMF លោក Pierre-Olivier Gourinhchas បានបង្ហើបទៀតថា ស្ថានភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ គឺស្ថិតនៅក្នុងចង្កោមនៃភាពល្អប្រសើរ ប៉ុន្តែសម្រាប់កំណើនសេដ្ឋកិច្ចទូទាំងសកលលោក នៅតែស្ថិតនៅក្នុងចំណុចទាបជាងប៉ុន្មានឆ្នាំមុនដដែល។
បន្ថែមពីនោះ លោក Gourinhchas ក៏បានព្រមានដែរថា បច្ចុប្បន្នកំណើនសេដ្ឋកិច្ចពិភពលោក កំពុងងើបឡើងសន្សឹមៗ ក៏ប៉ុន្តែវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា សង្គ្រាមនៅអ៊ុយក្រែន និងការវាយប្រហារក្នុងតំបន់សមុទ្រក្រហម អាចបង្កជាហានិភ័យប៉ះពាល់ដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចសកលលោកភ្លាមៗ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។
សូមជម្រាបដែរថា IMF បានព្យាករពីកំណើនសេដ្ឋកិច្ចសកលលោកនៅឆ្នាំ២០២៤ អាចមានកំណើនរហូតដល់ ៣,១% និងបន្តកើនដល់ ៣,២% នៅក្នុងឆ្នាំ២០២៥ ប៉ុន្តែវានៅតែស្ថិតក្នុងចំណុចទាប បើធៀបនឹងអំឡុងឆ្នាំ២០០០ ដល់ ២០១៩ ដែលមានកំណើនសេដ្ឋកិច្ចសកល ជាមធ្យមប្រហែល ៣,៨%៕