នាថ្ងៃទី៣១ ខែមករានេះ ព្រះចៅស៊ុលតង់ Ibrahim Sultan Iskandar បានស្បថចូលកាន់តំណែង ជាស្ដេចនៃប្រទេសម៉ាឡេស៊ីទី១៧ ខណៈនេះគឺជាលើកដំបូង ដែលទ្រង់បានឡើងសោយរាជ្យ បន្ទាប់ពីព្រះបិតារបស់ទ្រង់បានដាក់រាជ្យ តាំងពី៣៤ឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នៅចំពោះមុខភ្ញៀវរាប់រយនាក់ រួមទាំងនាយករដ្ឋមន្ត្រី លោក Anwar Ibrahim ព្រះចៅស៊ុលតង់អង្គនេះ បានចុះហត្ថលេខាលើលិខិតតែងតាំងមួយ មុនពេលទ្រង់ត្រូវឡើងសោយរាជ្យជា ស្ដេចនៃប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
រំលឹកបន្តិចថា ព្រះចៅស៊ុលតង់ Ibrahim ត្រូវបានជ្រើសរើសជាស្ដេចម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០២៣ បន្តពីព្រះចៅ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah ដែលបានផុតអាណត្តិដឹកនាំប្រទេស កាលពីថ្ងៃទី៣០ ខែមករាថ្មីៗនេះ។
ប្រទេសម៉ាឡេស៊ី មានវិធីសាស្ត្រក្នុងការជ្រើសរើសស្ដេចគ្រប់គ្រង ស្រដៀងគ្នានឹងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដែរ ពោលមេដឹកនាំកំពូល ៩រូប នៃប្រទេសម៉ាឡេស៊ី ត្រូវផ្លាស់ប្ដូរវេនគ្នា ឡើងសោយរាជ្យ រៀងរាល់ ៥ឆ្នាំម្ដង។
ជម្រាបបន្ថែមថា ជាមួយនឹងការឡើងសោយរាជ្យរបស់ស្ដេចស៊ុលតង់ថ្មី ប្រជាជនម៉ាឡេស៊ីមានក្ដីរំពឹងខ្ពស់ថា ទ្រង់នឹងអាចកែប្រែស្ថានភាពសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន បង្រួបបង្រួមជាតិ និងពង្រឹងទំនាក់ទំនងការទូតឲ្យកាន់តែប្រសើជាងមុនថែមទៀត៕