ហ្វីលីពីន និងវៀតណាម ឈានដល់ការចុះកិច្ចព្រមព្រៀង ផ្គត់ផ្គង់អង្ករទ្រង់ទ្រាយធំរយ:ពេល ៥ឆ្នាំ

អន្តរជាតិ

ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ ទី៣០ ខែមករាកន្លងទៅនេះ បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយ:ពេល ៥ឆ្នាំ ជាមួយប្រទេសវៀតណាម ក្នុងការធានាឲ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់អង្ករដែលមានតម្លៃសមរម្យ ចំពេលដែលតម្លៃអង្ករពិភពលោកកំពុងមានការកើនឡើងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន PhilStar។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានកើតឡើងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ទៅកាន់ប្រទេសវៀតណាម រយ:ពេលពីរថ្ងៃ ដើម្បីធ្វើជាសាក្សីនៃការចុះកិច្ចព្រមព្រៀង អំឡុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel Jr. និងរដ្ឋមន្ត្រីក្រសួងកសិកម្មវៀតណាម​ លោក Le Minh Hoan ។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករនេះ រដ្ឋាភិបាលវៀតណាម បានយល់ព្រមផ្គត់ផ្គង់អង្កររបស់ខ្លួន តាមរយៈវិស័យឯកជន ទៅកាន់វិស័យឯកជនរបស់ហ្វីលីពីន ក្នុងបរិមាណចន្លោះពី ១,៥ លានតោន ទៅ ២ លានតោន ក្នុងមួយឆ្នាំ ជាមួយនឹងតម្លៃសមរម្យ។

មិនតែប៉ុណ្ណោះ MoU នេះ ក៏បង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការអង្កររវាងហ្វីលីពីន និងវៀតណាមបន្ថែមទៀតផងដែរ ដើម្បីធានា និងបង្កើតការផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយនិរន្តរភាព ចំពេលមានផលប៉ះពាល់ ដោយសារតែការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងព្រឹត្តិការណ៍ផ្សេងទៀតនៅខាងក្រៅប្រទេស។

ជម្រាបជូនផងដែរថា វៀតណាម បានផ្គត់ផ្គង់ប្រហែល ៩០% នៃការនាំចូលអង្ករសរុបរបស់ប្រទេសហ្វីលីពីន។ ហើយបើតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញថាហ្វីលីពីន បាននាំចូលអង្ករចំនួន ២,៤ លានតោនដែលមានតម្លៃ ១,៥ពាន់លានដុល្លារ ពីប្រទេសវៀតណាមក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៣ កន្លងទៅ៕