ប្រាក់ចំណូលឆ្នាំសារពើពន្ធរបស់ចិន កើនឡើងជិត ៣ទ្រីលានដុល្លារ

អន្តរជាតិ

ប្រាក់ចំណូលឆ្នាំសារពើពន្ធរបស់មហាអំណាចចិន បានកើនឡើងប្រហែល ៦,៤% ដល់ចំនួន ២១ទ្រីលានយ៉ន់ ឬប្រហែលជិត ៣ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមសម្ដីរបស់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Wang Dongwei បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ជាមួយនឹងការកើនឡើងនៃចំណូលឆ្នាំសារពើពន្ធច្រើនបែបនេះ ការចំណាយនៅកាលពីឆ្នាំ២០២៣ ក៏មានច្រើនផងដែរ ពោលកើនឡើង ៥,៤%។

ទោះជាយ៉ាងណា យោងតាមរបាយការណ៍ស្រង់មតិផ្លូវការមួយនៅក្នុងសប្ដាហ៍នេះ បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចនៃប្រទេសចិន គឺនៅតែស្ថិតក្នុងចំណុចទាបនៅឡើយ ដូច្នេះរដ្ឋាភិបាលត្រូវមានវិធានការផ្សេងៗ ដើម្បីគាំទ្រ និងជំរុញតម្រូវការក្នុងស្រុកឲ្យកាន់តែខ្ពស់។

បន្ថែមពីនោះ វិបត្តិបំណុលដែលកំពុងដោះស្រាយមិនចេញក្នុងវិស័យអចលនទ្រព្យ ក៏ជាបញ្ហារាំងស្ទះដល់កំណើនសេដ្ឋកិច្ចចិនផងដែរ ដូច្នេះហើយទើបរដ្ឋាភិបាលប្រកាសកាលពី​ចុងឆ្នាំមុនថា នឹងបញ្ចេញមូលបត្របំណុលអធិបតេយ្យភាព ចំនួន ១ទ្រីលានយ៉ន់ ដើម្បីដាក់លក់លើទីផ្សារ យកប្រាក់មកស្ដារសេដ្ឋកិច្ចបន្ថែមទៀត៕