ក្រុមហ៊ុនប្រេងឥន្ធនៈលំដាប់ពិភពលោក Shell បានប្រកាសពីប្រាក់ចំណេញសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី០១ ខែកុម្ភៈ ដោយក្នុងនោះពួកគេទទួលបានប្រមាណ ២៨ពាន់លានដុល្លារ តិចជាងកាលឆ្នាំ២០២២ ប្រមាណ ៣០%។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា មូលហេតុដែលប្រាក់ចំណេញរបស់ក្រុមហ៊ុន Shell ថយចុះយ៉ាងសំបើមបែបនេះ គឺដោយសារតម្លៃប្រេង និងឧស្ម័ន មានការថយចុះជាលំដាប់នៅចុងឆ្នាំមុន។
បើទោះជាប្រាក់ចំណេញប្រចាំឆ្នាំ២០២៣ Shell ទទួលបានការខាតបង់ ក៏ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែធ្វើបានល្អ ពោលកាលពីត្រីមាសទី៤ ក្រុមអ្នកវិភាគរំពឹងថា ក្រុមហ៊ុនប្រេងអាមេរិក នឹងរងផលប៉ះពាល់ខ្លាំង ក៏ប៉ុន្តែផ្ទុយពីការព្យាករណ៍ទុក Shell រកប្រាក់ចំណេញបានជាង ៧ពាន់លានដុល្លារ នៅត្រីមាសចុងក្រោយ លើសការរំពឹងទុកដែលមានតែ ៦ពាន់លានដុល្លារ។
បន្ថែមពីនោះ ការជួញដូរភាគហ៊ុននៅក្នុងក្រុមហ៊ុន Shell កាលពីឆ្នាំមុន មានរហូតដល់ ២៣ពាន់លានដុល្លារ ច្រើនជាង ១០% នៃតម្លៃមូលធនទីផ្សារសរុប និងច្រើនជាង ៤០% នៃលំហូរសាច់ប្រាក់បានពីប្រតិបត្តិការផ្សេងៗ។
សូមជម្រាបដែរថា បើទោះជាប្រាក់ចំណេញប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុន Shell មានការថយចុះ បើធៀបនឹងឆ្នាំ២០២២ ក្ដី ប៉ុន្តែក្រុមហ៊ុនអាមេរិក នៅតែធ្វើបានល្អដាច់ បើធៀបនឹងទិន្នន័យប្រាក់ចំណេញប្រចាំឆ្នាំ រយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ៕