មហាដ្ឋីហុងកុង កំពុងប្រកាសលក់ភាគហ៊ុនទ្រង់ទ្រាយធំ ក្នុងក្រុមហ៊ុននៅទីក្រុងញូវយ៉ក

អន្តរជាតិ

ក្រុមហ៊ុន Pacific Century Group (PCG) របស់មហាសេដ្ឋីហុងកុង លោក Richard Li ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងដាក់លក់ភាគហ៊ុនមួយចំនួនធំ នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ PineBridge Investments ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន PCG បានធ្វើការជួលឲ្យក្រុមហ៊ុន JPMorgan ដើម្បីធ្វើទីផ្សារ និងដំណើរការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន PineBridge នេះ ខណ:ពួកគេក៏បានធ្វើការពិភាក្សាជាបឋមជាមួយស្ថាប័នហិរញ្ញវត្ថុមួយចំនួនរួចមកហើយ។

គួរឲ្យដឹងថា PCG ដែលបង្កើតឡើងដោយ លោក Richard Li បានទិញយកក្រុមហ៊ុនវិនិយោគ PineBridge ពីក្រុមហ៊ុនធានារ៉ាប់រងអាមេរិក AIA ក្នុងឆ្នាំ២០១០ ក្នុងតម្លៃប្រមាណ​ ២៧៧លានដុល្លារ។

គិតត្រឹមចុងឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន PineBridge បានគ្រប់គ្រងទ្រព្យសម្បត្តិសរុបដែលមានតម្លៃប្រហែល ១៥៧ពាន់លានដុល្លារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កមួយនេះ បានប្រកាសពីការខាតបង់របស់ខ្លួនជាបន្តបន្ទាប់ ពោលគឺចាប់តាំងពីឆ្នាំ២០២២ មក។

ជម្រាបជូនផងដែរថា ដោយបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុន PineBridge មានការិយាល័យសរុបចំនួន ២៥ ដោយមានបុគ្គលិកជាង ៧០០ នាក់ រួមទាំងមានអ្នកជំនាញផ្នែកវិនិយោគចំនួន ២៣០ នាក់ ផងដែរ៕