យោងតាមរដ្ឋាភិបាលម៉ាឡេស៊ី បានបង្ហាញឲ្យដឹងថា ប្រទេសរបស់ខ្លួនបាននិងកំពុងបង្កើតយុទ្ធសាស្រ្តថ្មីយ៉ាងសកម្ម ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរជនជាតិចិន ឲ្យបានច្រើនជាង ៥ លាននាក់ នៅក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
យោងតាមអគ្គនាយកនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី លោក Ammar Abd Ghapar បាននិយាយថា យុទ្ធសាស្ត្រថ្មីនេះ រួមមានទាំងការបង្កើនជើងហោះហើរពីប្រទេសចិន និងការលើកទឹកចិត្តឲ្យក្រុមហ៊ុនអាកាសចរណ៍ថ្មីៗនៅក្នុងស្រុក ព្យាយាមផ្សព្វផ្សាយម៉ាឡេស៊ី ជាទិសដៅទេសចរណ៍កំពូល សម្រាប់ភ្ញៀវចិន។
ដោយថ្លែងបន្ទាប់ពីការស្វាគមន៍ចំពោះការមកដល់នៃជើងហោះហើរលើកដំបូងរបស់ក្រុមហ៊ុន Loong Air ពីទីក្រុង Hangzhou ប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur (KLIA) កាលពីថ្ងៃទី២ ខែកុម្ភៈ លោក Ammar បាននិយាយថា ម៉ាឡេស៊ីកំពុងលើកទឹកចិត្តឲ្យមានជើងហោះហើរត្រង់កាន់តែច្រើនពីប្រទេសចិន ដើម្បីអនុវត្តគំនិតផ្តួចផ្តើម និងធ្វើការជាមួយទីភ្នាក់ងារទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ ក្នុងការបង្កើនជើងហោះហើរឲ្យកាន់តែច្រើនបន្ថែមទៀត។
លោក Ammar បាននិយាយបន្ថែមទៀតថា គោលដៅថ្មីនេះក៏ស្របទៅនឹងការប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងម៉ាឡេស៊ី និងចិន នៅឆ្នាំនេះផងដែរ ដោយបន្ថែមពីលើការជំរុញកិច្ចខិតខំប្រឹងប្រែងលើវិស័យទេសចរណ៍ សម្រាប់ផែនការដំណើរទស្សនកិច្ចម៉ាឡេស៊ីឆ្នាំ២០២៦ ។
មន្ត្រីរដ្ឋាភិបាលរូបនេះ ក៏មានសុទិដ្ឋិនិយមផងដែរថា ម៉ាឡេស៊ី អាចនឹងទាក់ទាញភ្ញៀវទេសចរចិនចន្លោះពី ៥ ទៅ ៧ លាននាក់ សម្រាប់ឆ្នាំនេះ ដែលមានន័យថាចំនួននេះនឹងកើនឡើង ៥ដង បើធៀបទៅនឹងការមកដល់របស់អ្នកដំណើរចិនកាលពីឆ្នាំមុន។
ជម្រាបជូនផងដែរថា ក្នុងឆ្នាំ២០២៣ កន្លងទៅ ម៉ាឡេស៊ីទទួលបានភ្ញៀវទេសចរចិនប្រមាណ ១,៤ លាននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ១៨ លាននាក់ ដោយនាំមកនូវប្រាក់ចំណុលសរុប ១៤,០២ពាន់លានដុល្លារ៕