ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានក្លាយជាមហាសេដ្ឋីមានបំផុតលើលោកទី០៤ ជាមួយទំហំទ្រព្យសម្បត្តិច្រើនជាង ១៦០ពាន់លានដុល្លារ គិតត្រឹមថ្ងៃជួញដូរភាគហ៊ុនចុងក្រោយបង្អស់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms បានបន្តកើនឡើងឥតឈប់ឈរ ស្របពេលការប្រកាសលក់ភាគលាភរបស់មហាសេដ្ឋីអាមេរិករូបនេះទៀត បានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកមានសរុប ១៦៧,២ពាន់លានដុល្លារ។
គួសបញ្ជាក់ដែរថា ទិន្នន័យមួយនេះ គឺគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន ដ្បិតការជួញដូរភាគហ៊ុននៅសហរដ្ឋអាមេរិក ត្រូវបិទផ្សារនៅថ្ងៃចុងសប្ដាហ៍។
ជម្រាបបន្ថែមថា តាំងពីបើកទំព័រឆ្នាំ២០២៤ មហាសេដ្ឋីអាមេរិក លោក Mark Zuckerberg ហាក់ឡើងកូដខ្លាំង ពោលទទួលបានផលចំណេញផ្ទួនៗ បើទោះជាថ្មីៗនេះលោកត្រូវបានសភាអាមេរិក ថ្កោលទោសចំពោះការធ្វេសប្រហែសក្នុងការគ្រប់គ្រងការចែកចាយមាតិកា លើបណ្ដាញសង្គមក្ដី ក៏ប៉ុន្តែលោកបានក្រោកឈរសុំទោសមហាជនជាសាធារណៈ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលនេះគឺជាការបង្ហាញពីទំនួលខុសត្រូវដ៏ធំមួយក្នុងនាមជាម្ចាស់ក្រុមហ៊ុនលំដាប់ពិភពលោកផងដែរ៕