ស្ថាបនិកក្រុមហ៊ុនលំដាប់កំពូល Amazon មហាសេដ្ឋី Jeff Bezos នឹងបន្តលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនខ្នាតយក្សមួយនេះ រហូតដល់ឆ្នាំក្រោយ ខណៈបើគិតតាមហាងឆេងនៃតម្លៃហ៊ុនសព្វថ្ងៃ មហាសេដ្ឋីម្នាក់នេះនឹងទទួលបានទឹកប្រាក់ ជិត ៩ពាន់លានដុល្លារ បន្ទាប់ពីបញ្ចប់ផែនការមួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ផែនការរបស់មហាសេដ្ឋីអាមេរិក គឺនឹងបន្តលក់ភាគហ៊ុនចំនួន ៥០លានហ៊ុន រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ហើយបើគិតតាមតម្លៃភាគហ៊ុនរបស់ Amazon សព្វថ្ងៃ គឺ ១៧១,៨ដុល្លារក្នុងមួយហ៊ុន ដូច្នេះក្រោយការលក់ភាគហ៊ុនទាំងនោះ មហាសេដ្ឋីអាមេរិក នឹងទទួលបានលុយចំនួន ៨,៦ពាន់លានដុល្លារ។
រំលឹកដែរថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជាង ៨% នៅពេលផ្សារហ៊ុនបិទត្រឹមថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះ បានប្រកាសពីប្រាក់ចំណូលប្រចាំឆ្នាំ ដែលមានខ្ពស់ជាងការរំពឹងទុកពីក្រុមអ្នកវិភាគ។
គួសបញ្ជាក់ដែរថា ដោយសារការកើនឡើងនៃតម្លៃភាគហ៊ុននេះ បានធ្វើឲ្យស្ថាបនិកក្រុមហ៊ុន មហាសេដ្ឋី Jeff Bezos កើនទ្រព្យសម្បត្តិដ៏ច្រើន ខណៈបច្ចុប្បន្នលោកជាមហាសេដ្ឋីមានបំផុតលើលោកទី០៣ ជាមួយទំហំទ្រព្យសម្បត្តិជិត ១៩៤ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យបង្ហាញដោយគេហទំព័រ Forbes៕