ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនធំបំផុតនៅប្រទេសចិន គឺ Country Garden ហាក់មានក្ដីសង្ឃឹមឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលចិនសន្យាជួយជំនួយលើផ្នែកហិរញ្ញវត្ថុ។
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា រដ្ឋាភិបាលចិនបានសន្យាផ្ដល់ជំនួយ ទៅកាន់ក្រុមហ៊ុនខ្នាតយក្សមួយនេះ លើផ្នែកហិរញ្ញវត្ថុ សម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យចំនួនច្រើនជាង ៣០គម្រោង ដែលបានចុះបញ្ជីជាមួយរដ្ឋាភិបាល។
ជាមួយគ្នា ក្រុមហ៊ុន Country Garden ក៏បានបង្ហាញការសាទរថា គម្រោងដែលរដ្ឋាភិបាលសន្យាផ្ដល់ការគាំទ្រនោះ គឺសុទ្ធសឹងតែបានជាប់នៅក្នុងបញ្ជីស នៅក្នុងខេត្តធំៗដូចជា ខេត្តហឺណាន ហ៊ូប៉ី ស៊ីឈន់ សានទុង និងទីក្រុងឆុងឈីងជាដើម។
បន្ថែមពីនោះ ក្រុមហ៊ុនលំដាប់កំពូលនៅចិនមួយនេះ ក៏បានបង្ហើបដែរថា ផែនការជំនួយរបស់រដ្ឋាភិបាល នឹងជួយដល់វិស័យអចលនទ្រព្យដែលកំពុងជាប់គាំងក្នុងស្រុក និងជួយពន្លឿនការសាងសង់លំនៅឋានជូនប្រជាពលរដ្ឋថែមទៀត។
គួររំលឹកបន្តិចថា វិស័យអចលនទ្រព្យនៅប្រទេសចិនបានផុងចូលក្នុងរណ្ដៅយ៉ាងជ្រៅ និងបានបង្កជាផលរំខានដល់កំណើនសេដ្ឋកិច្ចជាតិ ដែលជំរុញឲ្យរដ្ឋាភិបាលត្រូវមានវិធានការជាបន្ទាន់ សម្រាប់ការស្រោចស្រង់វិស័យមួយនេះ ដ្បិតវាក៏ជាប្រភពចំណូលដ៏ធំរបស់សេដ្ឋកិច្ចចិនផងដែរ៕