កាលពីថ្ងៃទី៤ ខែកុម្ភៈ រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងនាំយកកម្មករបរទេសខ្ទង់ ៦៥ ០០០នាក់ពីប្រទេសឥណ្ឌា ស្រីលង្កា និងមកពីប្រទេសអូបេគីស្ថាន ដើម្បីបន្តសាងសង់អាគារដែលកំពុងជាប់គាំងតាំងតែពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ដោយសារតែមានការរំខានពីការវាយប្រហារដោយសព្វាវុធពីសំណាក់ពួកក្រុមហាម៉ាស។
សារព័ត៌មាន Reuters បានចុះផ្សាយថា នៅមុនពេលដែលប្រទេសអ៊ីស្រាអែល បានរងការវាយប្រហារពីសំណាក់ក្រុមហាម៉ាស កម្មករសញ្ជាតិប៉ាឡេស្ទីនប្រមាណ ៧២ ០០០នាក់ ត្រូវបានជួលឲ្យធ្វើការនៅការដ្ឋានសំណង់ក្នុងប្រទេសអ៊ីស្រាអែល ក៏ប៉ុន្តែក្រោយភ្លើងសង្គ្រាមបានឆាបឆេះឡើង ក្រុមកម្មករទាំងនោះត្រូវបានរដ្ឋាភិបាលអ៊ីស្រាអែលបញ្ឈប់ការងារ និងបញ្ចៀសសចេញពីប្រទេស ក្រោមហេតុផលសុវត្ថិភាព។
នាពេលបច្ចុបន្ននេះ អ៊ីស្រាអែលក៏នៅតែមានកម្មករបរទេសកំពុងធ្វើការក្នុងប្រទេសរបស់ខ្លួនសរុបប្រហែល ២០ ០០០នាក់ផងដែរ ក៏ប៉ុន្តែស្ទើរតែពាក់កណ្តាលនៃការដ្ឋានសំណង់គឺត្រូវបានផ្អាកការសាងសង់ ដោយសារតែកង្វះខាតកម្លាំងពលកម្ម។
ជាមួយគ្នា អ្នកនាំពាក្យក្រសួងលំនៅដ្ឋានបានលើកឡើងថា បណ្តាពលករបរទេសថ្មីៗទាំងនោះ ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសខ្លួននៅប៉ុន្មានសប្តាហ៍ខាងមុខ ខណៈពេលដែលរដ្ឋាភិបាលបាននិងកំពុងព្យាយាម បញ្ចៀសរាល់ការកកស្ទះនៃការផ្គត់ផ្គង់ណា ដែលប្រថុយនឹងការឡើងថ្លៃអចលនទ្រព្យ នៅពេលដែលអត្រាការប្រាក់ចាប់ផ្តើមធ្លាក់ចុះ៕