ក្រុមហ៊ុនកាត់ដេរខ្នាតយក្សរបស់ប្រទេសវៀតណាម Garmex Saigon បានកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន ១ ៩៧៤ នាក់ កាលពីឆ្នាំ២០២៣ កន្លងទៅ បន្ទាប់ពីបានជួបប្រទះជាមួយនឹងការខាតបង់យ៉ាងខ្លាំង ក្នុងអំឡុងពេលវិស័យកាត់ដេរក្នុងប្រទេសកំពុងជួបវិបត្តិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
ការកាត់បន្ថយចំនួនបុគ្គលិកលើកចុងក្រោយនេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Garmex Saigon បានធ្វើការបញ្ឈប់បុគ្គលិករបស់ខ្លួន ចំនួន ១ ៨២៨ នាក់ រួចមកហើយ ក្នុងឆ្នាំ២០២២ ដែលនេះនាំឲ្យចំនួនបុគ្គលិកដែលត្រូវបញ្ឈប់សរុបទាំងអស់កើនឡើងដល់ ៣ ៧៧៥ នាក់ នៅក្នុងរយ:ពេលពីរឆ្នាំចុងក្រោយនេះ។
គួរឲ្យដឹងថា Garmex Saigon ដែលបានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេលពីរទសវត្សរ៍មកនេះ បានមើលឃើញថាប្រាក់ចំណូលរបស់ខ្លួន បានធ្លាក់ចុះដល់ ៣៥ដង មកនៅត្រឹមចំនួន ៨,៦ពាន់លានដុង (៣៥៣ ១៨៣ដុល្លារ) ប៉ុណ្ណោះ កាលពីឆ្នាំមុន ដោយសារតែតម្រូវការធ្លាក់ចុះខ្លាំង។
ចំពោះវិបត្តិចម្បងដែលធ្វើឲ្យក្រុមហ៊ុន Garmex Saigon ធ្លាក់ចុះខ្លាំងបែបនេះ ដោយសារតែអ្នកទិញមកពីតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បានកាត់បន្ថយការបញ្ជាទិញរបស់ពួកគេ ហើយរហូតទល់នឹងពេលនេះ វានៅតែមិនច្បាស់ថាពួកគេនឹងបន្តការទិញទៀតនៅពេលណានោះឡើយ។
ជម្រាបជូនផងដែរថា Garmex Saigon មានរោងចក្រចំនួនប្រាំនៅទីក្រុងហូជីមិញ និងនៅក្នុងខេត្ត Ba Ria – Vung Tau និងខេត្ត Quang Nam ខណ:នៅក្នុងឆ្នាំ២០១៩ ក្រុមហ៊ុននេះបានជួលបុគ្គលិកសរុបចំនួន ៤ ០០០ នាក់ និងបានកត់ត្រាប្រាក់ចំណេញចំនួនប្រមាណ ១០០ពាន់លានដុង៕