ថៃ ដាក់ផែនការស្តារពាណិជ្ជកម្មឆ្លងព្រំដែនខ្លួនឡើងវិញ ក្រោយលទ្ធផលឆ្នាំទៅធ្លាក់ចុះខ្លាំង

អន្តរជាតិ

រដ្ឋាភិបាលថៃ បាននិងកំពុងរៀបចំផែនការក្នុងការស្តារឡើងវិញនូវពាណិជ្ជកម្មឆ្លងដែនរបស់ខ្លួន បន្ទាប់ពីបានមើលឃើញថាមានការធ្លាក់ចុះដល់ទៅ ២,៦% កាលពីឆ្នាំ២០២៣ មកនៅត្រឹមចំនួន ៤៧,៦ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ronnarong Phoolpipat អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ប្រទេសថៃ បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវគោលដៅថ្មី ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការប្តេជ្ញាចិត្តក្នុងការពន្លឿនការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ក្រោមយុទ្ធសាស្ត្រជំរុញការវិនិយោគរបស់រដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ។

ជុំវិញផែនការថ្មីនេះ ក៏នឹងមានពាក់ព័ន្ធជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងាររដ្ឋផ្សេងទៀត ដើម្បីជួយសម្រួល និងជំរុញពាណិជ្ជកម្មឆ្លងព្រំដែន ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ (OSS) និងការភ្ជាប់ឯកសារនាំចេញ-នាំចូល តាមរយៈប្រព័ន្ធ National Single Window ដើម្បីសម្រួលដល់ដំណើរការធ្វើពាណិជ្ជកម្មតាមព្រំដែននេះផងដែរ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកថៃ បានបង្ហាញឲ្យដឹងថា ពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ក្នុងឆ្នាំ២០២៣ កន្លងទៅ មានការនាំចេញសរុបក្នុងតម្លៃ ៩៨១ពាន់លានបាត (ធ្លាក់ចុះ ៤,៦%) និងការនាំចូល មានចំនួន ៧៦២ពាន់លានបាត (កើនឡើង ០,២%) ។

ទន្ទឹមនឹងនេះ ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាងចំនួនបួន បានកើនឡើងដល់ ៩៣០ពាន់លានបាត ក្នុងឆ្នាំ២០២៣ ជាមួយនឹងការនាំចេញសរុបមានចំនួន ៥៨០ពាន់លាន និងការនាំចូលចំនួន ៣៥០ពាន់លានបាត។

ជម្រាបជូនផងដែរថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មឆ្លងព្រំដែនកំពូលរបស់ថៃ ដែលមានតម្លៃសរុបប្រមាណ ៤២៣ពាន់លានបាត បន្ទាប់មកគឺសិង្ហបុរី មានចំនួន ១០៧ពាន់លានបាត និងវៀតណាម មានចំនួន ៧០,១ពាន់លានបាត៕