អស់រយៈពេល ៩ឆ្នាំ ទម្រាំមេធំ Samsung រួចខ្លួនពីការចោទប្រកាន់ទាក់ទងករណីពុករលួយ

អន្តរជាតិ

ប្រធានក្រុមហ៊ុន Samsung មហាសេដ្ឋីកូរ៉េខាងត្បូង លោក Jay Y. Lee ត្រូវបានតុលាការ​សម្រេចថា មិនមានជាប់ទោសទ័ណ្ឌ និងបានប្រព្រឹត្តអំពើពុករលួយ ដូចការចោទប្រកាន់ដែល​កើតមានកាលពីឆ្នាំ២០១៥ ឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា អស់រយៈពេល ៩ឆ្នាំ ទម្រាំ​មហាសេដ្ឋីរូបនេះ អាចរួចខ្លួនពីការចោទប្រកាន់ ទាក់ទងនឹងការបន្លំផ្សារហ៊ុន និងការបង្រួមក្រុមហ៊ុនចំនួន២ គឺ Cheil Industries Inc និង Samsung C&T Corp។

រំលឹកបន្តិចថា កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនទាំង២ ខាងលើត្រូវបានច្របាច់បញ្ចូលគ្នា ហើយមានការចោទប្រកាន់លោក Lee ថា ជាមេខ្លោងដែលបង្រួមក្រុមហ៊ុនទាំង២ ដើម្បីពង្រីកការកាន់កាប់ក្រុមហ៊ុន Samsung Electronics ក៏ដូចជាផ្ដល់ផលប្រយោជន៍ដល់បក្ស​ពួកដទៃ ដែលជាម្ចាស់ភាគហ៊ុនធំៗ និងធ្វើឲ្យម្ចាស់ភាគហ៊ុនតូចតាចខាតបង់។

រហូតដល់ដើមឆ្នាំ២០២៣ តុលាការត្រៀមចេញដីការ ផ្ដន្ទាទោសលោក Lee និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក៏ប៉ុន្តែមហាសេដ្ឋីមានបំផុតនៅ​កូរ៉េខាងត្បូងបានប្រកែក និងអះអាងថា ការបង្រួបបង្រួមក្រុមហ៊ុននេះ គឺក្នុងគោលបំណងផ្ដល់ផលប្រយោជន៍ជូនម្ចាស់ភាគហ៊ុនទាំងអស់ប៉ុណ្ណោះ។

ក្រោយមកដោយគ្មានភ័ស្តុតាងច្បាស់លាស់ បញ្ជាក់ថា ការបង្រួមក្រុមហ៊ុនទាំង២ បានធ្វើឲ្យម្ចាស់ភាគហ៊ុនដទៃខាតបង់ និងគ្មានមូលដ្ឋានបង្ហាញថា វាជាផែនការរៀបចំឡើង​ដោយលោក Lee ទើបតុលាការសម្រេចថា មេធំ Samsung មិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់កាលពី ៩ឆ្នាំមុននោះឡើយ៕