អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងប្រឈមនឹងការចោទប្រកាន់ ពីបទប្រមាថព្រះមហាក្សត្រ ខណៈបច្ចុប្បន្ន លោកកំពុងអនុវត្តទោសនៅក្នុងពន្ធនាគារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា អគ្គមេធាវីថៃ កំពុងពិចារណាលើសំណុំរឿងមួយ ដែលទាក់ទងនឹងលោក ថាក់ស៊ីន កាលពីឆ្នាំ២០១៥ ដែលគ្រានោះលោកបានផ្ដល់បទសម្ភាសន៍នៅក្នុងប្រទេសកូរ៉េខាងត្បូង និងបានប៉ះពាល់ដល់ព្រះមហាក្សត្រថៃ។
ជាមួយគ្នា អ្នកនាំពាក្យការិយាល័យអគ្គមេធាវី លោក Prayut Petchkhun បានប្រាប់បណ្ដាញសារព័ត៌មានថា មូលហេតុដែលសំណុំរឿងនេះ ត្រូវអូសបន្លាយអស់រយៈពេលច្រើនឆ្នាំ មិនត្រូវបានលើកឡើងនោះ គឺដោយសារលោក ថាក់ស៊ីន បានរត់ភៀសខ្លួនចេញពីប្រទេសថៃ និងទើបវិលចូលស្រុកថ្មីថ្មោងនេះប៉ុណ្ណោះ។

គួសបញ្ជាក់ដែរថា លោក ថាកស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងអនុវត្តទោសក្នុងពន្ធនាគារ ក៏ប៉ុន្តែលោកនឹងមានសិទ្ធសេរីភាពពេញលេញវិញ នារយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ បន្ទាប់ពីលោកទទួលបានការសណ្ដោសប្រណីពីព្រះមហាក្សត្រ ដោយបានព្រះរាជទានទោសដល់អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។
ក្នុងករណីដែលការិយាល័យមេធាវី ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ លោក ថាក់ស៊ីន នឹងត្រូវប៉ូលិសឃាត់ខ្លួនម្ដងទៀត ពេលចេញពីពន្ធនាគារ ខណៈបច្ចុប្បន្ននៅមិនទាន់ដឹងច្បាស់ថា សំណុំរឿងមួយនេះ នឹងឈានដល់តុលាការដែរឬអត់ឡើយ។
សូមជម្រាបដែរថា ទោសប្រមាថព្រះមហាក្សត្រនៅប្រទេសថៃ គឺមានសណ្ឋានទោសធ្ងន់បំផុត ដោយប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ ១៥ឆ្នាំ និងពិន័យជាទឹកប្រាក់រាប់លានបាត ដោយសារប្រជាជនថៃ មានការគោរពចំពោះស្ដេចរបស់ខ្លួនខ្លាំងណាស់៕