Toyota ព្យាករកើបប្រាក់ចំណេញបាន ៣០ពាន់លានដុល្លារ សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៤

អន្តរជាតិ

ក្រុមហ៊ុន Toyota កាលពីថ្ងៃអង្គារ ទី៦ ខែកុម្ភ:កន្លងទៅនេះ បានបង្កើនការព្យាករទុករបស់ខ្លួនពីប្រាក់ចំណេញប្រចាំឆ្នាំ ថាអាចនឹងឈានដល់កម្រិតខ្ពស់បំផុត ដោយសារតែការលក់កើនឡើងនៅគ្រប់តំបន់ទាំងអស់ទូទាំងពិភពលោក ចំពេលបញ្ហាកង្វះខាតបន្ទះឈីប Semiconductor សកលលោកហាក់មានភាពធូរស្រាលច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សជប៉ុនមួយនេះ រំពឹងថាអាចនឹងកត់ត្រាប្រាក់ចំណេញរបស់ខ្លួនបានចំនួន ៤,៥ទ្រីលានយ៉េន ឬប្រមាណ ៣០ពាន់លានដុល្លារ នៅឆ្នាំហិរញ្ញវត្ថុ ២០២៤ នេះ ពោលគឺជាចំនួនកើនឡើងពីការព្យាករពីមុន ៣,៩៥ទ្រីលានយ៉េន។

គួរឲ្យដឹងថា ការផលិតយានយន្តបានស្ទុះងើបឡើងវិញយ៉ាងខ្លាំង ដោយសារតែមានកើនឡើងនៃការផ្គត់ផ្គង់បន្ទះឈីប semiconductor ឡើងវិញ ខណ:កាលពីសប្តាហ៍មុន ក្រុមហ៊ុន Toyota បានប្រកាសពីការលក់រថយន្តរបស់ខ្លួនសរុបចំនួន ១១,២ លានគ្រឿង សម្រាប់គ្រប់ម៉ូដែលទាំងអស់ ក្នុងឆ្នាំ២០២៣ និងថែមទាំងបានរក្សាឈ្មោះជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ខ្លាំងបំផុតរបស់ពិភពលោក ថែមទៀតផង។

ជម្រាបជូនផងដែរថា បើទោះបីជាការលក់រថយន្ត នៅអឺរ៉ុប និងអាមេរិកខាងជើង ត្រូវបានគេរំពឹងថានឹងកើនឡើងក៏ដោយ តែការថយចុះនៃការលក់ក្នុងស្រុក បានធ្វើឲ្យក្រុមហ៊ុន Toyota កាត់បន្ថយបរិមាណលក់ សម្រាប់ចន្លោះឆ្នាំ ២០២៣ ដល់ ២០២៤ របស់ខ្លួនមកនៅត្រឹម ៩,៤៥ លានពីចំនួន ៩,៦០ លានគ្រឿង៕