យោងតាមអ្នករៀបចំផែនការសេដ្ឋកិច្ចរដ្ឋចិន បានប្រកាសកាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភ:កន្លងទៅថា ប្រទេសរបស់ខ្លូន គ្រោងនឹងដាក់ចេញនូវវិធានការថ្មីៗ ក្នុងគោលបំណងទាក់ទាញ និងបង្កើនការវិនិយោគពីបរទេសបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CGTN ។
ជុំវិញការដាក់ចេញផែនការថ្មីនេះ នឹងផ្តោតសំខាន់ទៅលើការសម្របសម្រួលការវិនិយោគឆ្លងព្រំដែន និងការពង្រីកបន្ថែមទៀតចំពោះស្ថាប័នពាក់ព័ន្ធ ដោយសង្កត់ធ្ងន់ជាពិសេសលើការបើកចំហរផ្លូវដើម្បីទទួលបានការវិនិយោគពីបរទេសបន្ថែម។
ទន្ទឹមនឹងនេះ ការរឹតបន្តឹងលើការវិនិយោគបរទេសក្នុងវិស័យផលិតកម្មនាពេលកន្លងមក ក៏នឹងត្រូវដកចេញវិញទាំងស្រុងផងដែរ ហើយកិច្ចសហប្រតិបត្តិការវិនិយោគក្នុងឧស្សាហកម្មអន្តរជាតិ នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។
ក្រៅពីនេះ គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍជាតិ ក៏គ្រោងនឹងលុបបំបាត់ការរឹតបន្តឹងដែលមានភាពមិនសមហេតុផល និងធានាឲ្យបាននូវការប្រកួតប្រជែងប្រកបដោយយុត្តិធម៌។
ក្រសួងពាណិជ្ជកម្ម ក៏នឹងធ្វើការបន្ថែមទៀត ដើម្បីអនុវត្តវិធានការផ្សេងៗ រួមទាំងការផ្តល់ព័ត៌មានថ្មីៗ អំពីវឌ្ឍនភាពក្នុងវិស័យដែលជាកង្វល់សម្រាប់សហគ្រាសបរទេស ដោយនេះក៏នឹងរួមបញ្ចូលទាំងលទ្ធកម្មរបស់រដ្ឋាភិបាល ការកំណត់ស្តង់ដារ និងការសម្របសម្រួលដល់ការវិនិយោគ សម្រាប់វិនិយោគិនបរទេសថែមទៀតផង។
ជម្រាបជូនផងដែរថា បើទោះបីជាមានការថយចុះនៃការប្រើប្រាស់ដើមទុនបរទេសប្រាមណ ៨% កាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែប្រទេសចិន បានមើលឃើញពីការកើនឡើងគួរឲ្យកត់សម្គាល់នៃចំនួនសហគ្រាសវិនិយោគបរទេសបង្កើតថ្មីៗ ក្នុងចំនួន ៥៣ ៧៦៦ កាលពីឆ្នាំមុន៕