សារព័ត៌មាន Reuters បានចុះផ្សាយថា អតីតប្រធានាធិបតីឈីលីលោក Sebastian Pinera បានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាចក្រកាលពីថ្ងៃទី៦ ខែកុម្ភៈ ខណៈឯមនុស្សបីនាក់ផ្សេងទៀតដែលរួមដំណើរជាមួយលោកបានរួចជីវិតទាំងអស់។
លោក Pinera ដែលមានវ័យ ៧៤ឆ្នាំរូបនេះ គឺជាអ្នកបើកបរឧទ្ធម្ភាចក្រដោយផ្ទាល់តែម្តង និងក៏មានអ្នករួមដំណើរចំនួនបីនាក់ផ្សេងទៀតបានធ្វើដំណើរទៅជាមួយលោកផងដែរ លុះដល់ចំណុចបឹងមួយនៅភាគខាងត្បូងនៃប្រទេសឈីលី ឧទ្ធម្ភាចក្រនោះបានធ្លាក់ បណ្តាលឲ្យអតីតប្រធានាធិបតីឈីលីលោក Pinera បានស្លាប់ភ្លាមៗ ចំណែកឯអ្នកដំណើរបីនាក់ទៀតនោះបានរួចផុតជីវិតពីសេចក្តីស្លាប់ទាំងអស់។
ទន្ទឹមនឹងនោះ មូលហេតុដែលនាំឲ្យកើតសោកនាដកម្មយ៉ាងដូច្នេះ នៅមិនទាន់មានការបកស្រាយនៅឡើយទេ តែយ៉ាងណាសាកសពរបស់លោកប្រធានាធិបតី Pinera ត្រូវបានស្រង់ចេញរួចមកហើយពីបឹងមួយកន្លែងនៅជិតទីក្រុង Lago Ranco ស្របពេលសារព័ត៌មាន Reuters ក៏បានលើកឡើងដែរថាជារឿយៗគាត់តែងតែចំណាយពេលនារដូវក្តៅ បើកបរយន្តហោះផ្ទាល់ខ្លួនមកកម្សាន្តនៅក្បែរបឹងដ៏ស្រស់ស្អាត ស្ថិតនៅភាគខាងត្បូងនៃប្រទេសឈីលីនេះឯង។
សូមជម្រាបថា លោក Sebastian Pinera គឺជាវិនិយោគិន ជាមហាសេដ្ឋី ហើយមួយវិញទៀតលោកក៏ធ្លាប់បានឡើងកាន់តំណែងជាប្រធានាធិបតីនៃប្រទេសឈីលីចំនួនពីរអណត្តិផងដែរគឺពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ និងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ។
ម្យ៉ាងវិញទៀត លោកគឺជាបុគ្គលដែលបានជួយជ្រោមជ្រែងសេដ្ឋកិច្ចប្រទេសឈីលី ឲ្យមានកំណើនយ៉ាងឆាប់រហ័សក្នុងអំឡុងអាណត្តិដំបូង ហើយចំណែកឯកេរ្តិ៍ឈ្មោះរបស់លោកក៏មានភាពល្បីល្បាញរន្ទឺនៅក្រៅប្រទេសផងដែរ ពោលនៅឆ្នាំ២០១០ អតីតប្រធានាធិបតីឈីលីរូបនេះបានស្វះស្វែងជួយរំដោះកម្មកររុករករ៉ែប្រមាណ ៣៣នាក់ដែលត្រូវបានជាប់នៅក្រោមវាលខ្សាច់ Atacama ៕