ប្រមុខការទូតអាមេរិក កំពុងស្ថិតក្នុងប្រទេសអ៊ីស្រាអែល ដើម្បីជំរុញឲ្យមានបទឈប់បាញ់ ក្នុងតំបន់ហ្កាហ្សា

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃពុធ ទី៧ ខែកុម្ភ:នេះ កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងដំណើរទស្សនកិច្ចចុងក្រោយមួយ ដែលរំពឹងទុកថាជាកន្លែងដែលថ្នាក់ដឹកនាំរូបនេះ កំពុងព្យាយាមជំរុញឲ្យមានកិច្ចព្រមព្រៀងស្តីពីបទឈប់ចាញ់ថ្មីមួយ ខណៈពេលដែលសង្រ្គាមជាមួយក្រុមហាម៉ាស បានឈានចូលដល់ខែទីប្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រមុខការទូតអាមេរិករូបនេះ ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងជួបជាមួយមន្ត្រីសំខាន់ៗរបស់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចដើម្បីស្វែងរកដំណោះស្រាយក្នុងវិបត្តិនៅមជ្ឈិមបូព៌ា បន្ទាប់ពីលោកបានទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និងកាតា ផងដែរ។

នៅមុននេះ សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា បានជួយបង្កើតសំណើបទឈប់បាញ់គ្នាដែលកំពុងស្ថិតនៅក្នុងការពិចារណានាពេលបច្ចុប្បន្ន។ បទឈប់បាញ់គ្នានេះរួមមានទាំងការផ្អាកការប្រយុទ្ធគ្នារយ:ពេលជាច្រើនសប្តាហ៍ និងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស ចាប់ឃុំឃាំងនៅក្នុងតំបន់ហ្កាហ្សាផងដែរ។

យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាចុងក្រោយនេះ លោក Blinken ត្រូវបានគេរំពឹងថានឹងផ្តោតលើការជំរុញអ៊ីស្រាអែលបន្ថែមទៀត ដើម្បីឆ្ពោះទៅរកការផ្អាកការប្រយុទ្ធ ដូចដែលរដ្ឋបាលប្រធានាធិបតី ចូ បៃដិន ហៅវាថាជាចំណុចសំខាន់នៃគោលបំណងដែលសហរដ្ឋអាមេរិកកំពុងជំរុញ ឲ្យមានបទឈប់បាញ់ទាំងរយៈពេលខ្លី និងរយ:ពេលយូរជាងនេះ។

លើសពីនេះទៅទៀត លោក Blinken បាននិយាយថា ៖ ” វានៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ប៉ុន្តែយើងបន្តជឿជាក់ថាកិច្ចព្រមព្រៀងបទឈប់បាញ់មួយអាចធ្វើទៅបាន ហើយវាពិតជាសំខាន់ខ្លាំងណាស់។ យើងនឹងបន្តធ្វើការដោយឥតឈប់ឈរដើម្បីសម្រេចវាឲ្យបាន”៕