Tesla លក់រថយន្តដាច់តែមួយគ្រឿងគត់ក្នុងខែមករា នៅប្រទេសកូរ៉េខាងត្បូង

អន្តរជាតិ

ក្រុមហ៊ុន Tesla Inc ត្រូវបានគេរាយការណ៍មកថា បានលក់រថយន្តអគ្គិសនីរបស់ខ្លួន ដាច់ត្រឹមតែមួយគ្រឿងប៉ុណ្ណោះ នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីក្នុងខែមករាកន្លងទៅ​ ចំពេលមានការព្រួយបារម្ភចំពោះការធានាសុវត្ថិភាពទៅលើតម្លៃ និងកង្វះហេដ្ឋារចនាសម្ព័ន្ធកន្លែងសាកអាគុយ ដែលធ្វើឲ្យតម្រូវការរថយន្ត EV នៅទីនោះធ្លាក់ចុះទាបខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទិន្នន័យដែលទទួលបានពីក្រុមហ៊ុនស្រាវជ្រាវ Carisyou និងក្រសួងពាណិជ្ជកម្មកូរ៉េ បានបង្ហាញឲ្យដឹងថា ការលក់រថយន្តអគ្គិសនី Model Y SUV បានតែមួយគ្រឿងគត់ របស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺជាលទ្ធផលដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ មក ខណ:អំឡុងពេលនោះ ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk មិនអាចលក់រថយន្តរបស់ខ្លួនបានទាល់តែសោះ។

គួរឲ្យដឹងផងដែរថា នៅគ្រប់ក្រុមហ៊ុនផលិតរថយន្តទាំងអស់ ចំនួនរថយន្តអគ្គិសនីថ្មីដែលត្រូវបានចុះបញ្ជីនៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះដល់ទៅ ៨០% នៅក្នុងខែមករា ដោយរាប់គិតចាប់តាំងពីខែធ្នូ ឆ្នាំមុនមក។ នេះបើតាមទិន្នន័យពី Carisyou បានបង្ហាញ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនផលិតរថយន្តទាំងអស់ កំពុងប្រឈមនឹងការធ្លាក់ចុះចំពោះការលក់រថយន្ត EV របស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារអត្រាការប្រាក់ខ្ពស់ និងការកើនឡើងនៃអតិផរណា ដែលជំរុញឲ្យអ្នកប្រើប្រាស់ត្រូវគិតចំពោះការចំណាយរបស់ពួកគេឡើងវិញ ចំពេលកំពុងមានការព្រួយបារម្ភអំពីបញ្ហាឆាបឆេះ និងកង្វះខាតកន្លែងសាកអាគុយ ដែលកំពុងធ្វើឲ្យតម្រូវការធ្លាក់ចុះផងដែរ៕