ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC បាននិយាយកាលពីថ្ងៃអង្គារ ទី៦ ខែកុម្ភ:កន្លងទៅថា ខ្លួននឹងចាប់ផ្តើមសាងសង់រោងចក្រទី២ នៅក្នុងប្រទេសជប៉ុន ហើយរំពឹងថាអាចនឹងដាក់ឲ្យដំណើរនៅចុងឆ្នាំ២០២៧ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ជុំវិញផែនការសាងសង់រោងចក្រថ្មីនេះ នឹងធ្វើឲ្យការវិនិយោគសរុបរបស់ក្រុមហ៊ុន TSMC នៅក្នុងប្រទេសជប៉ុន កើនឡើងដល់ជាង ២០ពាន់លានដុល្លារ ដោយគម្រោងដ៏ធំនេះក៏ទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាលទីក្រុងតូក្យូផងដែរ។
គួរឲ្យដឹងថា នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន TSMC បានធ្វើការប្រកាសពីផែនការរបស់ខ្លួន ក្នុងការសាសង់រោងចក្រផលិតបន្ទះឈីបដំបូងតម្លៃ ៧ពាន់លានដុល្លារ នៅក្នុងទីក្រុង Kumamoto ភាគខាងត្បូងប្រទេសជប៉ុន ដោយរំពឹងទុកថានឹងចាប់ផ្តើមបើកដំណើរការនៅក្នុងខែកុម្ភ: ឆ្នាំនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោកបាន បាននិយាយថាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ Japan Advanced Semiconductor Manufacturing នឹងចាប់ផ្តើមសាងសង់រោងចក្រផលិតទីពីរ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់អតិថិជន។
ជម្រាបជូនផងដែរថា រោងចក្រទីពីរនេះ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤នេះ ហើយនៅពេលបញ្ចប់ការសាងសង់រួចរាល់នោះវានឹងមានសមត្ថភាពផលិតបន្ទះឈីបសរុបប្រចាំខែបានចំនួនជាង ១០០ ០០០ ដើម្បីប្រើប្រាស់នៅក្នុងរថយន្ត ឧស្សាហកម្ម និងកម្មវិធីផ្សេងទៀតដែលទាក់ទងនឹងកុំព្យូទ័រ៕